កាលពីដើមសប្តាហ៍នេះ សមាជិកសភារុស្ស៊ី បានអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយស្តីពីការអនុញ្ញាតឲ្យអាជីវកម្មក្នុងស្រុក ប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ នៅក្នុងពាណិជ្ជកម្មអន្តរជាតិ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ដើម្បីកាត់បន្ថយការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញច្បាប់ថ្មីនេះ ត្រូវបានគេរំពឹងថានឹងចូលជាធរមាន នៅក្នុងខែកញ្ញាខាងមុខ ស្របពេលទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោកស្រី Elvira Nabiullina ដែលជាអ្នកគាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ថ្មីនេះ បានបញ្ជាក់ថា ប្រតិបត្តិការទូទាត់ដំបូងក្នុងរូបិយប័ណ្ណគ្រីបតូ នឹងអនុវត្តនៅមុនដំណាច់ឆ្នាំនេះ។
គួរឲ្យដឹងថាប្រទេសរុស្ស៊ី បានប្រឈមមុខនឹងការយឺតយ៉ាវខ្លាំង ក្នុងការទូទាត់ជាអន្តរជាតិ ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន ដូចជាប្រទេសចិន ឥណ្ឌា និងអារ៉ាប់រួម ជាដើម បន្ទាប់ពីធនាគារនៅក្នុងប្រទេសទាំងនោះ សុទ្ធតែស្ថិតនៅក្រោមសម្ពាធពីនិយតកររបស់ប្រទេសលោកខាងលិច។
ទន្ទឹមនេះ លោក Anatoly Aksakov ប្រធានរដ្ឋសភារុស្ស៊ី បាននិយាយទៅក្នុងកិច្ចប្រជុំសមាជិកសភាថា ៖”យើងកំពុងធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រ នៅក្នុងវិស័យហិរញ្ញវត្ថុ” ។
ជម្រាបជូនទោះបីជាមានការខិតខំប្រឹងប្រែងរបស់រុស្ស៊ី ក្នុងការប្តូរទៅប្រើប្រាស់រូបិយប័ណ្ណរួមគ្នាជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន និងបង្កើតប្រព័ន្ធទូទាត់ថ្មី នៅក្នុងក្រុម BRICS ក៏ដោយ ប៉ុន្តែការទូទាត់ភាគច្រើននៅតែធ្វើឡើងជាដុល្លារ និងអឺរ៉ូ ហើយឆ្លងកាត់ប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដោយសារតែប្រទេសដៃគូទាំងនោះ សុទ្ធតែខ្លាចរងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច៕