យោងតាមក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញក្តីរំពឹងទុកខ្ពស់ថាការនាំចេញអង្កររបស់ខ្លួននៅឆ្នាំ២០២៤ នេះ អាចនឹងកើនឡើងដល់ចំនួន ៨,២ លានតោន ពោលគឺកើនឡើងពីការព្យាករទុកពីមុនចំនួន ៧,៥ លានតោន ដោយសារតែជំរុញដោយតម្រូវការពីទីផ្សារធំៗ និងប្រាក់បាតធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
លោក Ronnarong Phoolpipat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បាននិយាយថា ការនាំចេញអង្ករ ក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំនេះ មានចំនួនសរុបជាង ៥ លានតោន ដែលមានតម្លៃ ១១៧ពាន់លានបាត ពោលគឺកើនឡើង ២៥% ចំពោះបរិមាណ និង ៥៥% ទៅលើតម្លៃ។
ទន្ទឹមនឹងនេះ លោក Ronnarong ក៏បានបន្ថែមឲ្យដឹងទៀតថា ជុំវិញការកើនឡើងនេះ គឺដោយសារតែការរឹតបន្តឹងការនាំចេញអង្កររបស់ប្រទេសឥណ្ឌា និងការធ្លាក់ចុះនៃតម្លៃប្រាក់បាតធៀបទៅនឹងប្រាក់ដុល្លារ។
មិនតែប៉ុណ្ណោះ ចំពោះកត្តាវិជ្ជមានរួមផ្សេងទៀត គឺដោយសារតែមានតម្រូវការបន្តបន្ទាប់ពីទីផ្សារនាំចេញសំខាន់ៗរបស់ប្រទេស រួមទាំងហ្វីលីពីន និងឥណ្ឌូណេស៊ី ខណ:ប្រទេសទាំងពីរនេះសុទ្ធសឹងតែរងផលប៉ះពាល់ដោយអតិផរណា និងគ្រោះរាំងស្ងួត។
បើតាមលោក Ronnarong បាននិយាយទៀតថានៅឆ្នាំនេះ ហ្វីលីពីន រំពឹងថានឹងបង្កើនការនាំចូលអង្កររបស់ពួកគេ រហូតដល់ចំនួន ៤,៧ លានតោន និងឥណ្ឌូណេស៊ី នឹងនាំចូលពី ៣,៦ ទៅ ៤,៣ លានតោន បន្ថែម ដែលនេះបានបង្ហាញពីឱកាសដ៏ជោគជ័យធំបំផុតសម្រាប់ប្រទេសនាំចេញអង្ករ ដូចជាថៃ៕