វៀតណាមខ្ចីលុយចំនួន ៣០០លានដុល្លារពីឥណ្ឌា ក្រោមផែនការពង្រឹងដែនសមុទ្រ

អន្តរជាតិ

វៀតណាមបានខ្ចីលុយពីប្រទេសឥណ្ឌាចំនួន ៣០០លានដុល្លារ ដើម្បីយកមកប្រើប្រាស់ក្នុងការធានាស្ថិរភាព និងពង្រឹងសន្តិសុខដែនសមុទ្ររបស់ខ្លួន។ ការដាក់សំណើខ្ចីប្រាក់ដូច្នេះ ត្រូវបានរដ្ឋាភិបាលឥណ្ឌាយល់ព្រម នៅអំឡុងកិច្ចប្រជុំទ្វេភាគីរវាងនាយករដ្ឋមន្ត្រី Narendra Modi និងសមភាគី ដែលជានាយករដ្ឋវៀតណាមលោក Pham Minh Chinh កាលពីថ្ងៃទី១​ ខែសីហា ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន The Times of India បានចុះផ្សាយថា មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរកិច្ចព្រមព្រៀងផ្សេងៗ រួមមានទាំងការចុះអនុស្សារណៈយោគយល់ (MoU) លើវិស័យស្រាវជាវ និងអប់រំកសិកម្ម ច្បាប់ ផ្សព្វផ្សាយ និងឱសថជាដើម។ បន្ថែមពីនោះ នាយករដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងនូវឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងវិស័យផ្សេងៗទៀតរួមមានបច្ចេកវិទ្យា «Semiconductor» បច្ចេកវិទ្យា​​បៃតង​​​ បញ្ញាសិប្បនិម្មិត សេវាកម្ម​​ផ្ទុក​ទិន្នន័យ (Cloud) និង​វិធានការ​អាកាសធាតុផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ និងប្រតិភូនៃប្រទេសទាំងពីរ ក៏បានសម្ពោធដាក់ឲ្យប្រើប្រាស់នូវកន្លែងអប់រំមួយមានឈ្មោះថា «Army Software Park» ដែលជាកន្លែងផ្តល់នូវចំណេះដឹង និងបណ្តុះបណ្តាលទាហានវៀតណាមស្តីពីជំនាញឌីជីថល ក្រោមថវិការសាងសង់ពីប្រទេសឥណ្ឌា។

គួរជម្រាបថា កាលពីក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានកំណើនគួរឲ្យកត់សំគាល់ ពោលរហូតដល់ទៅ២៧% ឈានដល់តម្លៃសរុប ១៤,១៤ពាន់លានដុល្លារ។ យោងតាមរបាយការណ៍ពីក្រសួងកិច្ចការបរទេស បានឲ្យដឹងដែរថា ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសវៀតណាមមានចំនួន ៦,៧ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមវិញមានចំនួន ៧,៤៤ពាន់លានដុល្លារនៅអំឡុងរយៈពេលដូចគ្នា។

ជាពិសេសទៀតនោះ ការវិនិយោគពីសំណាក់វិនិយោគិនឥណ្ឌា ទៅក្នុងប្រទេសវៀតណាមមានចំនួនប្រមាណ ១,៩ពាន់លានដុល្លារ ដោយផ្តោតជាសំខាន់លើវិស័យជាច្រើនដូចជាថាមពល ការរុករករ៉ែ កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងវិស័យផ្សេងៗទៀត។ ផ្ទុយទៅវិញ ការវិនិយោគរបស់វៀតណាមក្នុងប្រទេសឥណ្ឌាមានចំនួនជាង ២៨,៥៥លានដុល្លារ ដោយផ្តោតជាសំខាន់លើវិស័យឧស្សាហកម្មដូចជា ឱសថ បច្ចេកវិទ្យាព័ត៌មាន គីមី និងសម្ភារៈសំណង់ជាដើម៕