តើព្រែកជីកហ្វូណនតេជោនាំមកនូវផលប្រយោជន៍អ្វីខ្លះដល់វិស័យកសិកម្ម និងសង្គមជាតិកម្ពុជាទាំងមូល?

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមានការចូលរួមអបអរសាទរយ៉ាងអធិកអធមពីថ្នាក់ដឹកនាំថ្នាក់ជាតិ ក្រោមជាតិ មន្រ្តីរាជការគ្រប់លំដាប់ សាធារណៈជនរាប់ពាន់នាក់ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើគម្រោងជីកព្រែកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តនៅកម្ពុជានេះ នឹងនាំមកនូវផលប្រយោជន៍អ្វីខ្លះដល់វិស័យកសិកម្ម និងសង្គមជាតិកម្ពុជាទាំងមូល?

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងតាមរយៈបណ្តាញតេលេក្រាមផ្លូវការនៅថ្ងៃទី៥ សីហាថា លោកបានចាត់ទុកការផ្តួចផ្តើមគម្រោងកសាងព្រែកជីកហ្វូណនតេជោ ជាស្នាដៃប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់សម្តេចតេជោ ដែលជាការកសាងប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកដ៏ធំមួយរបស់ជាតិផ្សារភ្ជាប់ជាមួយប្រព័ន្ធដឹកជញ្ជូនផ្លូវសមុទ្រអន្តរជាតិឱ្យក្លាយជាសរសៃឈាមរស់រវើក និងជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចជាតិរួមទាំងវិស័យកសិកម្មផង និងធានាបានអធិបតេយ្យជាតិក្នុងវិស័យដឹកជញ្ជូននិងពាណិជ្ជកម្មអន្តរជាតិផង។

លោកបន្តថា សម្រាប់វិស័យកសិកម្ម ព្រែកជីកហ្វូណនតេជោនឹងជំរុញផលិតភាពកសិកម្មនៅតំបន់ភាគខាងត្បូង និងតំបន់និរតីនៃប្រទេសកម្ពុជា ព្រមទាំងនាំមកនូវភាពរីកចម្រើននៃការធ្វើពាណិជ្ជកម្មកសិកម្មនៅទូទាំងប្រទេស ដែលជាកម្លាំងចលករនៃការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា រួមមាន៖
១, តំបន់កសិកម្មសំខាន់ៗរបស់កម្ពុជា ស្ថិតនៅជាប់តាមប្រព័ន្ធទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ដែលងាយស្រួលប្រមូលផ្តុំសម្រាប់ការដឹកជញ្ជូន។
២, កម្ពុជាកំពុងបង្កើនការផលិតកសិផលសម្រាប់នាំចេញ ជាពិសេសស្រូវអង្ករ ដំឡូងមី ស្វាយចន្ទី កៅស៊ូ និងស្វាយ។ល។ដែលត្រូវការប្រព័ន្ធដឹកជញ្ជូនដែលអាចដឹកបានបរិមាណច្រើន ក្នុងពេលតែមួយ និងចំណាយទាប ដែលជាកត្តាអំណោយផលដល់ការពង្រីកទីផ្សារ។
៣, ការដឹកជញ្ជូនទៅកំពង់ផែសមុទ្ររបស់កម្ពុជាផ្ទាល់នាំមកនូវការកាត់បន្ថយពេលវេលា ភាពស្មុគស្មាញនៃនីតិវិធីប្រទេសគេ និងការចំណាយបន្ថែមនានា។
៤, ព្រែកជីកហ្វូណននឹងបង្កើនសមត្ថភាពស្រោចស្រពបន្ថែម ហើយបង្កលក្ខខណ្ឌអំណោយផលដល់វិស័យកសិកម្ម វារីវប្បកម្ម និងការចិញ្ចឹមសត្វ។ល។
៥, ក្រៅពីនេះព្រែកជីកហ្វូណនតេជោនឹងជួយកាត់បន្ថយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលធ្វើឱ្យវិស័យកសិកម្ម កាន់តែមានភាពធន់។

លោក យ៉ង សាំងកុមារ បានគូសបញ្ជាក់បន្ថែមថា ភាពងាយស្រួលក្នុងការដឹកជញ្ជូននិងចំណាយតិចលើការដឹកជញ្ជូនតាមរយៈគម្រោងព្រែកជីកហ្វូណនតេជោដែលភ្ជាប់ជាមួយប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកកម្ពុជាទាំងមូលនឹងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងការនាំចេញកសិផល និងជួយឱ្យមានកំណើននៃការនាំចេញកសិផលផ្ទាល់ទៅប្រទេសនានាលើពិភពលោក។ កំណើននៃផលិតកម្ម និងប្រាក់ចំណូលពីការនាំចេញកសិផលនឹងជួយជំរុញនូវភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច ការងារ និងប្រាក់ចំណូលសម្រាប់ប្រជាកសិករ និងសង្គមជាតិទាំងមូល។

លើសនេះព្រែកជីកហ្វូណននឹងនាំមកនូវភាពរីកចម្រើនបន្ថែមនៃវិស័យទេសចរណ៍ កាត់បន្ថយសម្ពាធចរាចរណ៍ផ្លូវគោក និងជួយដល់បរិស្ថានដោយការដឹកជញ្ជូនផ្លូវទឹកបញ្ចេញនូវឧស្ម័ន្ធផ្ទះកញ្ចក់ទាបជាងការដឹកជញ្ជូនតាមផ្លូវគោក។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។គម្រោងនេះ មានប្រវែង១៨០គីឡូម៉ែត្រ ទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ។

គម្រោងនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។គម្រោងនេះ នឹងត្រូវចំណាយទុនប្រមាណ១៧០០លានដុល្លារ និងចំណាយពេលសាងសង់ រយៈពេល៤ឆ្នាំ៕