ថៃខាតលុយ ២៦ពាន់លានបាត ព្រោះតែការកាត់បន្ថយអត្រាយកពន្ធលើផលិតផលប្រេង សាំង និងរថយន្តអគ្គិសនី

អន្តរជាតិ

ប្រាក់ចំណូលរបស់រដ្ឋាភិបាលថៃ នារយៈពេល ៩ខែដំបូងនៃសារពើពន្ធឆ្នាំ២០២៤ នេះ គឺសម្រេចបានចំនួន ១,៣% ឬស្មើនឹងទឹកប្រាក់ប្រមាណ ២៦ពាន់លានបាត ក្រោមគោលដៅដែលបានរំពឹងទុកនាពេលកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានការិយាល័យនយោបាយសារពើពន្ធ លោក Pornchai Teeravej បានលើកឡើងកាលពីថ្ងៃទី៥ ខែសីហាថា រដ្ឋាភិបាលទទួលបានចំណូលសរុបប្រមាណ ២,០១ទ្រីលានបាត ពីខែតុលាឆ្នាំ២០២៣ ដល់ខែមិថុនានៅឆ្នាំនេះ ទាបជាងគោលដៅ១,៣% ។

ការមិនអាចសម្រេចបានតាមក្តីរំពឹងទុកដូច្នេះ ក៏ដោយសារតែនាយកដ្ឋានពន្ធដារបានដាក់វិធានការឧបត្ថម្ភធនចំពោះការរស់នៅ តួយ៉ាងការបន្ធូរបន្ថយយកពន្ធទៅលើផលិតផលប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈជាដើម។

ដោយមើលឃើញពីឧបត្ថម្ភធនបែបនេះ លោក Pornchai យល់ឃើញថា នាយកដ្ឋានពន្ធដារអាចនឹងបាត់បង់ចំណូលជាច្រើនទៀតផងដែរ ដ្បិតរដ្ឋាភិបាលបាននិងកំពុងអនុវត្តផែនការកាត់បន្ថយពន្ធគយ និងឧបត្ថម្ភធនចំពោះតម្លៃរថយន្តអគ្គិសនីជាបន្តបន្ទាប់ទៀត។

ជម្រាបបន្ថែមថា ប្រាក់ចំណូលដែលប្រមូលបានរយៈពេល ៩ខែនៃឆ្នាំសារពើពន្ធ ២០២៤ ទៅតាមនាយកដ្ឋានផ្សេងៗ គឺមានដូចជា៖

_ នាយកដ្ឋានប្រាក់ចំណូល ប្រមូលបាន ១,៦១ទ្រីលានបាត លើសពីការរំពឹងទុក ៨ពាន់លានបាត

_ នាយកដ្ឋានពន្ធដារ ប្រមូលបាន ៣៩៣,៨៨ពាន់លានបាត ក្រោមការរំពឹងទុក ៥៨,៥៣ពាន់លានបាត

_ នាយកដ្ឋានគយ ប្រមូលបាន ៨៨,៤៣ពាន់លានបាត លើសការរំពឹងទុក ២,៨០ពាន់លានបាត

_ សហគ្រាសរដ្ឋ ប្រមូលបាន ១៥៦,៣៥ពាន់លានបាត លើសការរំពឹងទុក ៧,៤ពាន់លានបាត

_ និងនាយកដ្ឋានផ្សេងៗទៀត សរុបប្រមូលបាន ១៣១,៣២ពាន់លានបាត លើសការរំពឹងទុក ២,៨៦ពាន់់លានបាត៕