កម្ពុជា-ជប៉ុន នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ​ឱ្យកាន់តែរឹងមាំថែមទៀត។នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក KIHARA Minoru រដ្ឋមន្ត្រីការពារជាតិជប៉ុន កាលរសៀលថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ សម្ដេចធិបតី និងលោករដ្ឋមន្ត្រី បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ​ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោក​ ជើងទឹក និងជើងអាកាស។ កិច្ចសហការទាំងនោះនឹងផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ច, ការបណ្តុះបណ្តាល​,​ ការបោសសម្អាតមីនមនុស្សធម៌ និងលំហាត់រួមលើការសង្គ្រោះគ្រោះមហន្តរាយជាដើម។

ទន្ទឹមគ្នានេះ ថ្លែងក្នុងឱកាសនៃជំនួបនេះដែរ លោករដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីលទ្ធផលនៃនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងក្រសួងការពារជាតិ នៃប្រទេសជប៉ុន និងកម្ពុជា។ទន្ទឹមគ្នានេះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាបន្ថែមទៀត រួមទាំងក្នុងវិស័យការពារជាតិ និងសន្តិសុខថែមទៀត។

តាមរយៈជំនួបនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន ហើយសម្តេចធិបតីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងមកផងដែរ៕