លែងបារម្ភហើយ ដុល្លារចាស់ ទក់ ប្រឡាក់ និងរហែកតិចតួច ដូរមិនកាត់ទឹក ឬកាត់ខាតឡើយ

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសនិងណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងអាជីវករប្តូរប្រាក់ទាំងអស់ ឱ្យជួយសម្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសដែលទូទាត់ជាប្រាក់ដុល្លារអាមេរិកមានសភាពចាស់ ទក់ ប្រឡាក់ និងរហែកតិចតួច នៅទូទាំងប្រទេស ដោយគ្មានគិតថ្លៃសេវា (ការកាត់ទឹក ឬកាត់ខាត) នោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ និងដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេសដែលទូទាត់ជាប្រាក់ដុល្លារអាមេរិក ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងអាជីវករប្តូរប្រាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា នូវវិធានការបន្ទាន់ដូចតទៅ ៖ តម្រូវឱ្យទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ចាស់ ឬប្រឡាក់ ដោយមិនទាមទាររកកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសប្រាក់នោះជាក្រដាសប្រាក់ក្លែងក្លាយ ឬ បាត់បង់អត្តសញ្ញាណ ដែលមិនអាចទទួលស្គាល់បាន និងតម្រូវឱ្យដកហូតនូវរាល់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយទាំងអស់ដោយពុំមានសំណង និងបញ្ជូនមកធនាគារជាតិនៃកម្ពុជា។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាមិនមែនជាអាជ្ញាធរបោះពុម្ព និងដាក់ឱ្យចរាចរនូវក្រដាសប្រាក់ដុល្លារអាមេរិកនោះឡើយ ហើយក៏មិនមានសិទ្ធិក្នុងការកាត់ ដុតក្រដាសចាស់ ទក់ រហែក ដើម្បីជំនួសដោយក្រដាសប្រាក់ថ្មី ដូចក្រដាសប្រាក់រៀលនោះទេ។ ធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន និងបង់សេវាធានារ៉ាប់រង ដើម្បីដឹកជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកទាំងនោះ តាមរយៈធនាគារដៃគូដែលមានសិទ្ធិផ្ទាល់ ឬ ដោយប្រយោលជាមួយធនាគារកណ្តាលអាមេរិក និងជាគ្រឹះស្ថានដែលជាអ្នកកំណត់លក្ខណៈវិនិច្ឆ័យលើក្រដាសប្រាក់ដែលទទួលបាន។

ចំពោះការដឹកជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកថ្មីចូលមកកម្ពុជាវិញ ក៏ត្រូវមានការបង់សេវាដឹកជញ្ជូន ធានារ៉ាប់រង និងកម្រៃជើងសារផ្សេងៗ ដែលជាបន្ទុករបស់ធនាគារជាតិនៃកម្ពុជា ទោះបីមិនមែនជាកាតព្វកិច្ចដែលមានចែងក្នុងច្បាប់ក៏ដោយ ពោលគឺដើម្បីសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះធនាគារជាតិនៃកម្ពុជា ក៏សូមលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ចូលរួមប្រើប្រាស់ប្រាក់រៀលខ្មែរដែលជារូបិយវត្ថុជាតិឱ្យបានកាន់តែច្រើនដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយភាពធន់។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបាគងដែលជាប្រព័ន្ធទូទាត់សងប្រាក់អនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការទូទាត់ភ្លាមៗជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថានជាសមាជិក ជាពិសេសធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងអភិវឌ្ឍនូវកម្មវិធីទូរស័ព្ទ Bakong Tourist App ដើម្បីជាយន្តការសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនានៅប្រទេសកម្ពុជាយើងផងដែរ។ ធនាគារជាតិនៃកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងអាជីវករប្តូរប្រាក់ទាំងអស់ នឹងបន្តចូលរួមសហការប្រកបដោយភាពយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមភាពជាក់ស្តែងរបស់អតិថិជន។

យោងតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងផងដែរថា ចំពោះក្រដាសប្រាក់ដុល្លារចាស់ៗ ចាយមិនបាន តម្រូវឱ្យធនាគារជាតិនៃកម្ពុជា ដឹកយកទៅដូរនៅធនាគារកណ្តាលអាមេរិក ហើយកាលពីពេលកន្លងទៅ ប្រាក់ដុល្លារចាស់ប្រមាណ ១១ លានដុល្លារត្រូវដឹកទៅដូរនៅសហរដ្ឋអាមេរិក និងត្រូវចំណាយការដឹកជញ្ជូនប្រមាណ ៣៥ ម៉ឺនដុល្លារ៕