ក្រុមហ៊ុន Xpeng Aeroht ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Xpeng រៃអង្គាសទឹកប្រាក់បានចំនួន ១៥០លានដុល្លារ ដើម្បីជំរុញដល់ការផលិតរថយន្តអាចហោះបានរបស់ខ្លួន និងកំពុងស្វែងរកមូលនិធិបន្ថែម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃចន្ទ ទី៥ ខែសីហាកន្លងទៅ ក្រុមហ៊ុនខ្នាយក្សរបស់ចិនមួយនេះ បានប្រកាសពីផែនការរបស់ខ្លួន ក្នុងការបង្កើតខ្សែសង្វាក់ដំឡើងរថយន្តហោះដ៏ទំនើបដំបូងគេបង្អស់របស់ពិភពលោក នៅក្នុងតំបន់អភិវឌ្ឍខេត្តក្វាងចូវ។
រថយន្តហោះនេះ ត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកដំណើរពី ៤ទៅ៥ នាក់ ដោយអាចបើកបរបានដោយផ្ទាល់ និងស្វ័យប្រវត្តិ។ កៅអីក្នុងកាប៊ីនជាប្រភេទ Panoramic អាចមើលឃើញ ២៧០ដឺក្រេ មានកង់ចំនួនប្រាំមួយ និងមានសមត្ថភាពអាចហោះឡើង និងចុះចតបញ្ឈរស្រដៀងទភនឹងឧទ្ធម្ភាគចក្រដែរ។
គួរឲ្យដឹងថា ការដាក់បញ្ជាទិញរថយន្តហោះនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើម នៅក្នុងប្រទេសចិន ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនេះ ដោយរថយន្តនេះត្រូវបានគេដឹងថានឹងមានតម្លៃ ២សែនដុល្លារ ក្នុងមួយគ្រឿង។
ជាមួយគ្នានេះ លោក Wang Tan សហស្ថាបនិក និងជាប្រធានផ្នែករចនារបស់ Aeroht បានសម្តែងសុទិដ្ឋិនិយមអំពីបរិយាកាសអំណោយផលសម្រាប់រថយន្តហោះ ក្នុងប្រទេសចិន ដោយកត់សម្គាល់ឃើញថា តំបន់ជាច្រើន បានអនុវត្តគោលនយោបាយផ្សេងៗដើម្បីគាំទ្រដល់សេដ្ឋកិច្ចដឹកជញ្ជូនតាមផ្លូវអាកាស ខណ:ក្រុមហ៊ុន មានគោលបំណងលក់ចេញរថយន្តហោះរបស់ខ្លួនឲ្យបានចំនួន ៥ ពាន់គ្រឿង ក្នុងរយៈពេលពីរឆ្នាំខាងមុខ៕