ក្រុមប្រឹក្សាជាតិភស្ដុភារកម្ម (ក.ជ.ភ) បានបើកកិច្ចប្រជុំលើកទី៥ សម្រាប់អាណត្តិទី៧ ដើម្បីពន្លឿន ការពិនិត្យវឌ្ឍនភាព នៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា សម្រាប់ឆ្នាំ ២០២៣-២០៣៣។
កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម ព្រមទាំងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម។
លោក ប៉េង ពោធិ៍នា បានឱ្យដឹងថា កិច្ចប្រជុំនេះ គោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារ នៃការអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣” ការសិក្សាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC)។
ក្នុងកិច្ចប្រជុំខាងលើ បានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ដោយបានផ្តោតលើការងារអាទិភាពធំៗចំនួន ៣ រួមមាន៖ ១. វឌ្ឍនភាពការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣០ CITLS ២. វឌ្ឍនភាពការសិក្សាសមិទ្ធិលទ្ធភាពគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ PPLC និង ៣. វឌ្ឍនភាពការសិក្សាសមិទ្ធិលទ្ធភាពគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ SHLC។
នាឱកាសដែរ ក្នុងគោលបំណងដើម្បីសម្រេចឱ្យបានជោគជ័យចំពោះការងារអាទិភាពដូចមានរៀបរាប់ខាងលើ លោក ស៊ុន ចាន់ថុល បានស្នើឱ្យសមាសភាពលេខាធិការដ្ឋានគណៈកម្មាធិការជាតិភស្តុភារកម្ម
ធ្វើអាទិភាវូបនីយកម្មលើគម្រោងដែលមានក្នុងផែនការមេ ដើម្បីឆាប់បានលេចចេញជារូបរាង។ ដោយឡែកចំពោះគម្រោងដែលកំពុងស្ថិតក្នុងការសិក្សា លោកក៏បានស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវផ្តល់កិច្ចសហការឱ្យអស់ពីលទ្ធភាពក្នុងការផ្តល់នូវទិន្នន័យព័ត៌មាន ធាតុចូលសំខាន់ៗ និងពិភាក្សាឱ្យបានលម្អិតគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាអាចយកទៅអនុវត្តបានប្រកបដោយសុក្រឹតភាព ក្នុងពេលដ៏ខ្លីខាងមុខ។
សូមបញ្ជាក់ដែរថា ផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា នឹងជួយបង្កើនភាពប្រទាក់ក្រឡាគ្នា រវាងវិស័យដឹកជញ្ជូន និងឡូជីស្ទីកព្រមទាំងជួយធ្វើឱ្យរំហូរទំនិញ អ្នកដំណើរ និងសេវាកាន់តែមានភាពរលូនជាងមុន កាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ និងបង្កើនប្រសិទ្ធភាពនៃសេវាដឹកជញ្ជូន និងឡូជីស្ទីក។ ផែនការមេនេះ នឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញឱ្យប្រទេសកម្ពុជា ប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ រង្សី