ក្នុងមួយខែ កម្ពុជាទទួលបានគម្រោងវិនិយោគ៤៤ ក្នុងទុនជិត៤០០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងវិនិយោគចំនួន ៤៤ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤។នេះបើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣គម្រោង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកក្កដារួមមាន៖ តំបន់ក្រៅតំបន់សេដ្ឋកិច្ចពិសេស មានដូចជា  គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ក្នុងទុន ២១លានដុល្លារ និង ក្នុងតំបន់សេដ្ឋកិច្ចពិសេស មានដូចជា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងទុន ១០០លានដុល្លារ, គម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុកែច្នៃចំណីអាហារ (Galatin) ក្នុងទុនជាង ២៦លានដុល្លា។

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែកក្កដា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី ១ ដោយបានរួមចំណែក ៦៨,០៦% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ប្រមាណ ១៤,២៤% នៃទុនវិនិយោគសរុប ចំណែកខេមែន អាយលែន ១២,៣៥% សិង្ហបុរី ២,៦៩% វៀតណាម ១,៣៥% និងហ្វីលីពីន ១,៣០%៕