មន្ត្រីរាជការស៊ីវិល នឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួនទឹកប្រាក់ ៥ម៉ឺនរៀល ក្នុងម្នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដំណាលគ្នាជាមួយបៀវត្សខែកញ្ញា នៅឆ្នាំ២០២៤នេះ។
នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី«ការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែកញ្ញា និងខែតុលា ឆ្នាំ២០២៤» របស់ក្រសួងមុខងារសាធារណៈ ដែលចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។
ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា រាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥ម៉ឺនរៀលក្នុងម្នាក់ៗជូនមន្ត្រីរាជការ ដំណាលគ្នាជាមួយនឹងការបើកប្រាក់បៀវត្សសរុបប្រចាំខែកញ្ញា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែតុលា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្តាហ៍ទី១នៃខែតុលា និងលើកទី២ឱ្យបានក្នុងសប្តាហ៍ទី៣នៃខែតុលា ជូនមន្ត្រីរាជការរបស់ខ្លួន។ដោយឡែកសម្រាប់ការបើកផ្តល់បៀវត្សខែវិច្ឆិកា ឆ្នាំ២០២៤ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។
អាស្រ័យហេតុនេះ ក្រសួងមុខងារសាធារណៈ សង្ឃឹមថា អង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕