រយៈពេល៧ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀសប្រមាណជាង៥៨ម៉ឺននាក់ ខណៈចំណូលមានជាង២៧លានដុល្លារ។
របាយការណ៍គ្រឹះស្ថានអង្គរ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងខែកក្កដា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបរទេសដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស មានប្រមាណ៦២ ៤២៥នាក់ គិតជាចំណូលប្រមាណ ២ ៨១៩ ៧៣៥ដុល្លារអាមេរិក កើនឡើងប្រមាណ១៥,៥៧% បើធៀបនៅឆ្នាំ២០២៣។
របាយការណ៍ខាងលើបានបន្ថែមថា បើគិតក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេសដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ កំពង់ផែចុងឃ្នៀស មានប្រមាណ ៥៨៤ ៣៧៥នាក់ និងទទួលបានចំណូលសរុប ២៧ ១៧៧ ៤៣០ដុល្លារ។
បើតាមគ្រឹះស្ថានអង្គរបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរនៅរយៈពេល៧ខែ ឆ្នាំ២០២៤នេះ មានការកើនឡើងប្រមាណ៣៣.០០% ខណៈចំណូលកើនឡើងប្រមាណ ៣៣.៧៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។
សូមជម្រាបជូនថា កាលពីឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសប្រមាជាង៧៩ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារ កើនឡើងចំនួន២២២.៦៨%៕