អ្នកឧកញ៉ា ភួ វាសនា បើកកិច្ចប្រជុំជាមួយក្រុមការងារវិស័យឯកជន ពិភាក្សាពីបញ្ហាប្រឈមរបស់ម្ចាស់អាជីវកម្ម

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០២៤​ អ្នកឧកញ៉ា​ ភួ​ វាសនា​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ និងជា​ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ បានបើកកិច្ចប្រជុំពិភាក្សា​ជាមួយក្រុមការងារវិស័យឯកជន​ ស្ដីពី​ “បញ្ហា​ប្រឈម​ដែលម្ចាស់អាជីវកម្មបានជួបប្រទះ​ និងបានលើកឡើង កាលពីថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ២០២៤​“ កន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ មានការចូលរួមពីលោក​អនុប្រធាន​ សមាជិក​ សមាជិកា​ ប្រធាន​សម្ព័ន្ធសមាគមដំឡូងមី​ខេត្ត ប្រធាន​សមាគម​សណ្ឋាគារខេត្ត ប្រធានសមាគមស្ត្រីកម្ពុជា​សាខា​ខេត្ត ប្រធាន LOSCBA-BTB តំណាងស៉ីអ៉ីអូ​ បាត់ដំបង​ ផាវវេីធីម​ នៅការិយាល័យសភាពាណិជ្ជកម្មខេត្តបាត់ដំបង។

គោលបំណងក្នុងកិច្ចប្រជុំនេះ មានចំនួន២សំខាន់ៗគឺ៖ ១.បែងចែក និងកំណត់​ បញ្ហាប្រឈមជូន​តាមផ្នែក​ ដើម្បីធ្វើការងារបន្តជូនដល់មន្ទីរពាក់ព័ន្ធក្នុងការដោះស្រាយ និង ២.កំណត់ពេលវេលា​សម្រាប់កិច្ចប្រជុំជាមួយ​អាជីវករ​ និងអ្នកពាក់ព័ន្ធតាមផ្នែករបស់ខ្លួន។

គួររំឭកឱ្យដឹងថា អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឈរឈ្មោះបោះឆ្នោត ជាប់ជា​ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង សម្រាប់អាណត្តិទី១ ជាលើកទី២ កាលពីថ្ងៃ ពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។ ក្នុងអាណត្តិ និងតួនាទី ជាអ្នកដឹកនាំសភាពាណិជ្ជកម្មក្នុងមូលដ្ឋានខេត្តរបស់ខ្លួន អ្នកឧកញ៉ាវ័យក្មេង និងជាអ្នកជំនួញ ការទូតដ៏បុិនប្រសព្វ ពោរពេញដោយសក្ដានុពល ប្រចាំខេត្ត​បាត់ដំបង​រូបនេះ បានដឹកនាំក្រុមការងារពាក់ព័ន្ធ បញ្ចេញសកម្មភាពជួយជំរុញ ការងារសភាពាណិជ្ជកម្មខេត្ត​ឱ្យចេញជា​ផ្លែផ្កាជាច្រើន។ ការស្វែងរកបញ្ហាប្រឈម ការកសាងបណ្ដាញសហគ្រិន ក្នុងខេត្តបាត់ដំង ជាមួយអ្នកវិនិយោគ​ពីប្រទេសជិតខាង ជាពិសេសការផ្សព្វផ្សាយពីកាលានុវឌ្ឍភាពអាជីវកម្មលើវិស័យជាច្រើនក្នុងខេត្តបាត់ដំបង ឱ្យកាន់តែទូលំទូលាយ បានក្លាយជាបេសកកម្មដឹកនាំអាទិភាព របស់អ្នកឧកញ៉ា ភួ វាសនា៕