ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORT) អាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេសបានចាប់ផ្តើមដំណើរការ ខណៈសម្តេច បានចាត់ទុកថា វត្តមានសាកលវិទ្យាល័យល្បីមួយ នឹងជួយជំរុញវិថីអប់រំកម្ពុជាកាន់តែប្រសើរ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បីមួយរបស់ចក្រភពអង់គ្លេស នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ក៏ជាការរួមចំណែកមួយដ៏សំខាន់លើវិថីអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យក្លាយទៅមូលធនមនុស្សដ៏ពិតប្រាកដ។
ទន្ទឹមគ្នានេះ សម្តេចធិបតីបន្តថា វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ក៏បានរួមចំណែកបន្ថែមជម្រើសមួយកាន់តែប្រសើរ និងមានភាពងាយស្រួល សម្រាប់អ្នកសិក្សានៅកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាជាច្រើន បានបញ្ជូនកូនចៅរបស់ពួកគេចេញទៅសិក្សានៅតាមបណ្តាប្រទេសនានា រួមមាននៅចក្រភពអង់គ្លេសផងដែរ។
លើសពីនេះ សម្ដេចធិបតី បញ្ជាក់ទៀតថា ការបើកសាកលវិទ្យាល័យបាន គឺជារឿងអស្ចារ្យម្យ៉ាង ប៉ុន្ដែការធ្វើឱ្យសាកលវិទ្យាល័យនោះអាចឈរជើងបានយូរអង្វែង មាននិរន្តរភាពទៅបានទើបជាការប្រសើរពិតប្រាកដ។
សូមបញ្ជាក់ដែរថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី (DMU) គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាដ៏ល្បាញល្បីមួយរបស់ចក្រភាពអង់គ្លេស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ និងបានធ្វើដំណើរលើវិថីអប់រំជាង១៥០ឆ្នាំមកហើយ។ សាកលវិទ្យាល័យនេះ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងតាមបណ្តាសាខានានានៅក្រៅប្រទេស។សាកលវិទ្យាល័យនេះ មានកម្រិតស្តង់ដារអន្តរជាតិ មានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុយបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា)។
ដឹ ម៉ុងហ្វត ជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតទាំង២០ របស់ចក្រភពអង់គ្លេស លើការជួយដល់និស្សិតឱ្យទទួលបានការងារធ្វើ។ ដឹ ម៉ុងហ្វត ជាសាកលវិទ្យាល័យតែមួយគត់នៅចក្រភពអង់គ្លេស ត្រូវបានអង្គការសហប្រជាជាតិ ផ្តល់ឋានៈជាមជ្ឈមណ្ឌលសាកលសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕ អត្ថបទ៖ រង្សី