សារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចុះផ្សាយថា ក្រុមគ្រួសាររបស់បុរសសញ្ជាតិបារាំងលោក Paul-Henri Nargeolet ដែលជាជនរងគ្រោះម្នាក់ បានស្លាប់ក្នុងហេតុការណ៍លិចនាវាមុជទឹកទេសចរណ៍ Titan របស់ក្រុមហ៊ុន OceanGate បានប្តឹងមកកាន់ក្រុមហ៊ុនមួយនេះ ទាមទារសំណងជំងឺចិត្តចំនួន ៥០លានដុល្លារ។
ក្រុមគ្រួសារលោក Nargeolet បានដាក់ពាក្យបណ្តឹងទៅតុលាប្រចាំ King County រដ្ឋ Washington ក្នុងកម្មវត្ថុទាមទារសំណងជំងឺចិត្ត ដ្បិតកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន OceanGate បានប្រើប្រាស់នាវាឈ្មោះ Titan ដឹកអ្នកដំណើរប្រាំនាក់ ជ្រមុជទឹកចុះទៅទស្សនាខ្មោចកប៉ាល់ Titanic ស្ថិតនៅក្រោមបាតមហាសមុទ្រអាត្លង់តិចខាងជើង។ ជាអកុសល នាវាបានរងនូវកម្រិតសម្ពាធទឹកខ្ពស់ ផ្ទុះបែកជាបំណែក និងបណ្តាលឲ្យអ្នកដំណើរទាំងអស់នៅក្នុងនោះ បាត់បង់ជីវិតមួយរំពេច។
គួរឲ្យដឹងថា បើរំលឹកកាលពីពេលលោកនៅមានជីវិត Nargeolet ត្រូវបានគេដាក់រហស្សនាមឲ្យថាជា Mr. Titanic ព្រោះអីលោកបានជ្រមុជទឹកទៅកាន់នាវា Titanic ដល់់ទៅ ៣៧លើក ច្រើនជាងគេបំផុតនៅលើពិភពលោក ហើយមួយវិញទៀតលោកក៏ជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុន OceanGate ផងដែរ។
សូមជម្រាបបន្ថែមថា នៅក្នុងហេតុការណ៍ជាមួយគ្នានេះ មានជនរងគ្រោះចំនួន ៤នាក់ផ្សេងទៀត តួយ៉ាងមហាសេដ្ឋីអង់គ្លេសលោក Hamish Harding, លោក Shahzada Dawood អនុប្រធានក្រុមហ៊ុន Engro Corporation Limited រួមជាមួយកូនប្រុសឈ្មោះ Suleman Dawood និងម្នាក់ទៀតមានឈ្មោះថា Stockton Rush ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន OceanGate តែម្តង៕