សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំកម្មវិធីចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «វិស័យអាទិភាពក្នុងការវិនិយោគនៅខេត្តសៀមរាប»។
វេទិកានាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ មានគោលបំណងឱ្យសមាជិក សមាជិកា បានជួបជុំសិក្សាស្វែងយល់ពីឱកាសអាជីវកម្មក្នុងខេត្តសៀមរាប ក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីទទួលបានគំនិតថ្មីៗយកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។
ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិង លោកស្រី នុច គីមលីន អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យកម្ម បានអញ្ជើញចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និងគំនិត សម្រាប់យកទៅអភិវឌ្ឍអាជីវកម្ម។
កម្មវិធីនេះមានម្ចាស់អាជីវកម្មអញ្ជើញចូលរួមចំនួន ៧០ នាក់ ដើម្បីទទួលបានការចែករំលែកពិសោធន៍ជាជំនួយស្មារតីបន្ថែមយកទៅកែលម្អអាជីវកម្មរបស់ខ្លួន។
ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ បានមានប្រសាសន៍ថា៖តាមរយៈកម្មវិធីចែករំលែកដើម្បីអាជីវកម្មរីកចម្រើននេះ ម្ចាស់អាជីវកម្មមានឱកាសបានរៀនសូត្របន្ថែមពីបទពិសោធន៍ថ្មីៗរួមទាំងការកំណត់បញ្ហា និងដំណោះស្រាយល្អៗពីវាគ្មិនកិត្តិយសដើម្បីយកទៅដឹកនាំអាជីវកម្មរបស់ខ្លួនឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៕