គណ:រដ្ឋមន្ត្រីថៃ អនុម័តទឹកប្រាក់ជាង ១២លានដុល្លារ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍បន្ថែម

អន្តរជាតិ

គណ:រដ្ឋមន្ត្រីថៃ បានយល់ព្រមអនុម័តកញ្ចប់ថវិកាចំនួន ៤៣៣លានបាត (១២,២លានដុល្លារ) សម្រាប់ក្រសួងទេសចរណ៍ និងកីឡា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍បន្ថែមទៀត ក្នុងរដូវ Low Season តាមរយៈការផ្សព្វផ្សាយ និងបង្កើតព្រឹត្តិការណ៍ តាមអ៊ីនធឺណិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជ្ញាធរទេសចរណ៍ថៃ (TAT) ក៏សង្ឃឹមផងដែរថា នឹងអាចបង្កើនប្រាក់ចំណូលពីទេសចរណ៍ក្នុងស្រុកឲ្យដល់ ២០% ក្នុងចំនួនទឹកប្រាក់ ១,២ទ្រីលានបាត នៅឆ្នាំនេះ ដើម្បីកាត់បន្ថយហានិភ័យពីការពឹងផ្អែកខ្លាំងតែលើទីផ្សារអន្តរជាតិ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Sermsak Pongpanit បានមានប្រសាសន៍ថា សម្រាប់គម្រោងទីមួយ ក្រសួងរបស់លោកនឹងសហការជាមួយភ្នាក់ងារទេសចរណ៍អនឡាញចំនួនប្រាំបួន ដូចជា Agoda, Meituan, MakeMyTrip, Traveloka, Ascend Travel, Trip, TripAdvisor, Klook និង Tagthai ដើម្បីផ្តល់ជូននូវកញ្ចប់ប្រូម៉ូសិនពិសេសសម្រាប់ការធ្វើដំណើរ ក្នុងអំឡុងខែសីហា ដល់ខែកញ្ញា។

គម្រោងទីមួយនេះ មានតម្លៃ ២៨០លានបាត មានគោលបំណងបង្កើនការកក់ទុកមុន និងអត្រាស្នាក់តាមសណ្ឋាគារ ក៏ដូចជាការកក់សំបុត្រយន្តហោះ ជាមួយក្តីរំពឹងបង្កើនប្រាក់ចំណូលសរុប ២,៨ពាន់លានបាត និងបន្ថែមភ្ញៀវទេសចរយ៉ាងហោចណាស់ ១៨៥ ០០០ នាក់។

ជាមួយគ្នានេះ សម្រាប់គម្រោងទី២ នឹងផ្តោតលើការបង្កើតពិធីបុណ្យ និងព្រឹត្តិការណ៍នានា ក្នុងខែកញ្ញាខាងមុខ ដោយបង្ហាញពីកីឡា សិល្បៈ តន្ត្រី និងវប្បធម៌ជាដើម ខណ:យុទ្ធនាការនេះ នឹងអាចជួយជំរុញដល់ការចំណាយបន្ថែមទៀតរបស់ភ្ញៀវទេសចរ ក្នុងទីក្រុងធំៗ និងលំដាប់ទីពីរ៕