កំពង់ផែស្វយ័តក្រុងព្រះសីហនុបញ្ជាទិញគ្រឿងចក្រលើកដាក់កុងតឺន័រពីជប៉ុន ដើម្បីបង្កើនសមត្ថភាពដាក់ផ្ទេរ-ផ្ទុកកុងតឺន័រ

សង្គម​ និង​សេដ្ឋកិច្ច


ព្រះសីហនុ ៖ កម្ពុជា បានបញ្ជាទិញគ្រឿងចក្រលើកដាក់កុងតឺន័រពីប្រទេសជប៉ុន ដើម្បីបង្កើនសមត្ថភាពដាក់ផ្ទេរ-ផ្ទុកកុងតឺន័រ ខណៈកំណើនទំនិញមានការកើនឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទ QC ចំនួន ២ គ្រឿង និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG ចំនួន ៦ គ្រឿង ត្រូវបានដឹកជញ្ជូនពីរោងចក្រ Oita ប្រទេសជប៉ុន មកដល់ ចំណតផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពកាលពីពាក់កណ្តាលសប្តាហ៍នេះ។
យោងតាមប្រភពកំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រឿងចក្រទាំងនេះត្រូវបានបញ្ជាទិញពីក្រុមហ៊ុនជប៉ុន MITSUI E&S Co., Ltd ។

ការបំពាក់គ្រឿងចក្រថ្មីៗទាំងនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងការឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ក្នុងការលើកដាក់ផ្ទេរ-ផ្ទុកកុងតឺន័រ ក្នុងបរិបទការអភិវឌ្ឍ និងភាពរីកចំរើន នៃសេដ្ឋកិច្ចកម្ពុជា។

គួរជម្រាបផងដែរថា៖កាលពីដើមខែកក្កដា ឆ្នាំ២០២៤ ចំណតផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្រ ដែលកែសម្រួលពីចំណតផែទំនិញទូទៅ បានធ្វើប្រតិបត្តិការផ្ទេរ-ផ្ទុកកុងតឺន័រដែលនេះបង្ហាញពីភាពពីរីកចម្រើន និង ការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)។

លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្ម នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍នាពេលកន្លងមក៖ថាកំណើននៃអាជីវកម្មនៅកំពង់ផែ ឆ្លុះបញ្ចាំងឱ្យឃើញពីកំណើនសេដ្ឋកិច្ចជាតិ ព្រោះកំពង់ផែមួយនេះគឺជាមាត់ច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ក្នុងការដឹកជញ្ជូនទំនិញ និងភ្ជាប់កម្ពុជាទៅកាន់បណ្តារប្រទេសជុំវិញពិភពលោក។

លោក ថៃ ឬទ្ធី បានឱ្យដឹងថា សម្រាប់៤ខែ ដើមឆ្នាំ២០២៤ ទំនិញនាំចូល និងនាំចេញជាង៣លានតោន បានឆ្លងកាត់ផែកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយទទួលបានចំណូល ទឹកប្រាក់សរុបចំនួនប្រមាណជាង៣៥លានដុល្លារ ។ ទំនិញនាំចូលមានចំនួន ២.៣៣៤.៦២៧តោន ទំនិញនាំចេញមានចំនួន ៧៥៦,៥៦៦តោន ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤ កើនឡើង២៦.៩៦ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងដើមឆ្នាំ២០២៣ រកចំណូលបានចំនួន ៣៥.២៧៣.០១៥ដុល្លារ កើនឡើង២៤.៤០ភាគរយ បើធៀបនឹង៤ខែ ឆ្នាំ២០២៣៕