ក្រសួងការងារ និងធនាគារចំនួន៨ បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីផ្តល់ឥណទានគាំទ្រដល់ពលករដែលធ្វើការនៅបរទេសឱ្យទទួលបានការប្រាក់សមរម្យ។
ពិធីចុះ MoU រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង០៨ បានធ្វើឡើង ក្រោមការអញ្ជើញចូលរួមជាអធិបតីភាព ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណធនាគារទាំងអស់ ដែលបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងការចាប់ផ្តើម និងការអនុវត្តគម្រោងថ្នាក់ជាតិដ៏មានសារៈសំខាន់នេះ រហូតយើងអាចផ្លាស់ប្តូរអនុស្សារណៈយោគយល់គ្នា នាថ្ងៃនេះ។
គោលបំណងនៃអនុស្សារណ:យោគយល់គ្នានេះ គឺកិច្ចសហការជាយុទ្ធសាស្ត្រ និងការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារគំរូទាំង ៨ នេះ គឺដើម្បីផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវទៅធ្វើការនៅបរទេសឱ្យទទួលបានទំហំឥណទានដ៏សមស្របជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ សម្រាប់ចំណាយលលើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេស។
គួរបញ្ជាក់ដែរថា ធនាគារចំនួន ៨ នោះរួមមាន៖ ១, ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc), ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia រឺ WBC, ៣- ធនាគារប្រៃណីយ៍កម្ពុជាម.ក, ៤- ធនាគារកាណាឌីយ៉ា (Canadia Bank) ៥- ធនាគារ អេស៊ីលីដា (ACLEDA Bank) ៦- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ៧- ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)៕ អត្ថបទ៖រង្សី