កម្ពុជាចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន ដើម្បីផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍និងទាក់ទាញវិនិយោគទុន

សង្គម​ និង​សេដ្ឋកិច្ច


ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន ចាប់ពីថ្ងៃទី២៤-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិគួយលីន ទីក្រុងគួយលីន តំបន់ស្វយ័តគ័ងស៊ី សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ “សមាហរណកម្មស៊ីជម្រៅនៃវប្បធម៌ និងទេសចរណ៍ រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ពិព័រណ៍នេះ មានក្រុមហ៊ុននានាចំនួនជាង ៨០០ស្តង់ អ្នកទិញ ៥០០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ាន និងអ្នកទស្សនាជាង ៥០០០នាក់។

ការចូលរួមក្នុងពិព័រណ៍ទេសចរណ៍នេះ មានគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា ចិន និងអាស៊ាន ព្រមទាំងបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាស្របតាមស្មារតីអាស៊ាននិងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ ។

គោលដៅសំខាន់មួយទៀតក្នុងការចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាននេះ គឺជំរុញយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤ ជាពិសេសដើម្បីបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” សំដៅទាក់ទាញ ទេសចរ និងវិនិយោគិនចិន ព្រមទាំងទេសចរ និងវិនិយោគិនក្នុងតំបន់អាស៊ាន ឱ្យមកទស្សនា និងវិនិយោគនៅ កម្ពុជាកាន់តែច្រើនថែមទៀត។

ក្រសួងទេសចរណ៍លើកទឹកចិត្តឱ្យសមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ ចូលរួមឱ្យបានច្រើន ដើម្បីចាប់យកឱកាសក្នុងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន និង អន្តរជាតិ៕