លោក Srettha Thavisin ទំនងរួចផុតពីសំណុំរឿងដកតំណែងជានាយក​រដ្ឋមន្ត្រី​ថៃ

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ទំនងជានឹងរួចផុតពីសេចក្តីសម្រេចដ៏សំខាន់បំផុតមួយរបស់តុលាការ នៅសប្តាហ៍ក្រោយ ជុំវិញសំណុំរឿងដកតំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីសំណាក់សមាជិកព្រឹទ្ធសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តុលាការធម្មនុញ្ញថៃ នឹងបើកសវនាការ នៅថ្ងៃទី១៤ ខែសីហាខាងមុខ លើសំណុំរឿងដែលប្តឹងដោយអតីតសមាជិកព្រឹទ្ធសភារបស់បក្សអភិរក្សនិយម ជុំវិញការចោទប្រកាន់ទៅលើ Srettha ថាបានបំពានច្បាប់រដ្ឋធម្មនុញ្ញ ដោយសារតែលោកបានតែងតាំងគណៈរដ្ឋមន្ត្រីម្នាក់ ដែលជាអតីតមេធាវីធ្លាប់ជាប់ពន្ធនាគារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Prommin Lertsuridej ដែលជាជើងចាស់មួយរូប នៅក្នុងជួរគណបក្សភឿថៃដែលកំពុងកាន់អំណាច បានប្រាប់ទៅកាន់សារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះថា៖ “យើងមានទំនុកចិត្តខ្ពស់ថានឹងរួចផុតពីការចោទប្រកាន់នេះ ពីព្រោះយើងបានធ្វើអ្វីៗគ្រប់យ៉ាង តាមនីតិវិធីច្បាប់”។

ទន្ទឹមនឹងនេះ លោក Prommin ក៏បាននិយាយនៅក្នុងបទសម្ភាសមួយ នៅឯការិយាល័យនាយករដ្ឋមន្ត្រីថា ៖”យើងមានទំនុកចិត្តយ៉ាងខ្លាំងជាមួយនឹងភស្តុតាងទាំងអស់ដែលយើងបានដាក់ជូនទៅកាន់តុលាការរួចរាល់អស់ហើយ” ។

ជម្រាបជូនថា សមាជិកព្រឹទ្ធសភាចំនួន ៤០ រូបដែលតែងតាំងដោយរបបយោធា បានដាក់ញត្តិទៅកាន់តុលាការ ដើម្បីស្នើសុំឲ្យដកតំណែងរបស់លោក Srettha បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះ បានតែងតាំងលោក Pichit Chuenban ធ្វើជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី ដោយសារតែអតីតមេធាវីរូបនេះខ្វះសុចរិតភាព និងបទដ្ឋានសីលធម៌ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ ជាពិសេសលោកក៏ធ្លាប់ជាប់ពាក់ព័ន្ធទៅនឹងទោសព្រហ្មទណ្ឌ ផងដែរ៕