លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ៤រូប និងស្ថាបនិក Gumball 3000 ចូលជួបសម្តែងការគួរសម​ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ៤រូប និងស្ថាបនិក Gumball 3000 បាន​អញ្ជើញ​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបខាងលើនេះ គឺវត្តមាន លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង, លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក ពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង, លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 ព្រមទាំងសហការី។

សម្តេចធិបតី បានឱ្យដឹងថា ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិ​អង់គ្លេស គឺជាម៉ាកយីហោដ៏ល្បី​ផ្តោតលើ​ការរៀបចំ​ព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព។ ការរៀបចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” នឹងចូលរួមចំណែកលើកកម្ពស់វិស័យ​ទេសចរណ៍​របស់កម្ពុជា ជា​ពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប។

ព្រឹត្តិការណ៍ Gumball 3000 នឹងរៀបចំនៅប្រទេសកម្ពុជារយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្រសួងទេសចរណ៍ទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង តែមួយគត់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ ក្រុមហ៊ុន ជីប ម៉ុង ទទួលបានឱកាសនេះ ក៏ព្រោះតែភាពល្បីល្បាញ និងចាក់គ្រឹះយ៉ាងរឹងមាំជាង ៤ទសវត្ស នៃពហុពាណិជ្ជកម្ម ដោយវិនិយោគលើវិស័យ​ធំៗ​ជាច្រើននៅកម្ពុជា និងមានដៃគូពាណិជ្ជកម្មជាច្រើនលើពិភពលោក ដូច្នេះហើយទើបក្រុមហ៊ុនត្រូវបាន​ក្រសួងទេសចរណ៍ និង Gumball 3000 ទុកចិត្ត និងសហការរៀបចំព្រឹត្តិការណ៍នេះ។

សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជានេះ ជាព្រឹត្តិការណ៍ដែលរៀបចំឡើងក្នុងគោលបំណង​សំខាន់ចំនួន៤ គឺ៖ ១).ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ៣). ការបើកឱកាសរវាង​វិនិយោគ​គិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងទី ៤). ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”។ កុំភ្លេច ចូលរួមទស្សនាផ្ទាល់ ដោយសេរី នៅថ្ងៃទី​១០ ខែសីហា ឆ្នាំ២០២៤ ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន នៅផ្សារទំនើប ជីប ម៉ុង​ ២៧១ មេហ្គា ម៉ល ដើម្បី​ជ្រាបឱ្យកាន់តែច្បាស់អំពីព្រឹត្តិការណ៍នេះ៕