ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន នឹងរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ខណៈភាគីទាំងពីរថា ទំនាក់ទំនងការទូតនឹងរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន បន្ថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាគីទាំងពីរថ្លែងដូច្នេះ នៅក្នុងជំនួបរវាងលោក សោម វិសាល អនុរដ្ឋលេខាធិការក្រសួងការបរទេស ជាមួយលោក NAGASE Kensuke អគ្គរាជទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន កាលពីចុងសប្តាហ៍នេះ។

នាឱកាសនោះ លោក សោម វិសាល បានសម្តែងនូវការអបអរសាទរជូនលោក NAGASE Kensuke ចំពោះការទទួលបានការតែងតាំងជាអគ្គរាជទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។ លោកអនុរដ្ឋលេខាធិការ ក៏បានសម្តែងនូវភាពជឿជាក់ដែរថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា លោក NAGASE Kensuke នឹងរួមចំណែកយ៉ាងសកម្មក្នុងការនាំមកនូវសមិទ្ធផលបន្ថែមទៀតដល់ទំនាក់ទំនងកម្ពុជា-ជប៉ុនផងដែរ។

ជាមួយគ្នានេះ លោក NAGASE Kensuke អគ្គរាជទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ក៏បានថ្លែងអំណរគុណឯកឧត្តមអនុរដ្ឋលេខាធិការ ចំពោះពាក្យពេចន៍ជូនពរដ៏កក់ក្តៅ និងការចំណាយពេលវេលាទទួលជួបរូបលោក ខណៈលោក ក៏បានបញ្ជាក់ពីការត្រៀមសហការជិតស្និទ្ធដើម្បីរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន បន្ថែមទៀត។

សូមរម្លឹកដែរថា កម្ពុជា-ជប៉ុន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ​ឱ្យកាន់តែរឹងមាំថែមទៀត។នេះបើយោងតាមជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក KIHARA Minoru រដ្ឋមន្ត្រីការពារជាតិជប៉ុន កាល ទី៥ ខែសីហា ឆ្នាំ២០២៤។

ទន្ទឹមគ្នានេះ ថ្លែងក្នុងឱកាសនៃជំនួបនេះដែរ លោករដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីលទ្ធផលនៃនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងក្រសួងការពារជាតិ នៃប្រទេសជប៉ុន និងកម្ពុជា។ទន្ទឹមគ្នានេះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាបន្ថែមទៀត រួមទាំងក្នុងវិស័យការពារជាតិ និងសន្តិសុខថែមទៀត។

តាមរយៈជំនួបនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន ហើយសម្តេចធិបតីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងមកផងដែរ៕ អត្ថបទ៖ រង្សី