ឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសយកឡានទំនើប Lamborghini និង Rolls-Royce ចូលរួមព្រឹត្តិការណ៍ Gumball 3000 ដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ​ប្រកាសថា​នឹងយករថយន្ត​ស៊េរី​ទំនើប​​​របស់​ខ្លួន ចូលរួមព្រឹត្តិការណ៍ Gumball 3000 ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីចូលរួមជំរុញពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងទឹកដីប្រវត្តិសាស្ត្រ ​នៃតំបន់សៀមរាបអង្គរ ទៅកាន់​ពិភពលោក​ តាមរយៈការចូលរួមពីបុគ្គលល្បីៗមកពីជុំវិញពិភពលោក និងនាំយកថវិកាដែលបានមក​ពីព្រឹត្តិការណ៍នេះ បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ខេមរៈ សិរីមន្ត បាន​បង្ហោះសារ​លើទំព័រហ្វេសប៊ុក​ថា៖ “Gumbal 3000 ជាកម្មវិធី supercar ធំជាងគេលើពិភពលោកនឹងមកដល់កម្ពុជាថ្ងៃ ១៥-១៧ ខែកញ្ញា នេះហើយជាឱកាសល្អខ្លាំងណាស់​ដែលកម្ពុជា​ត្រូវបានផ្សព្វផ្សាយពេញពិភពលោក ហើយទេសចរណ៍នៅកម្ពុជានឹងកើនឡើងជាក់ជាពុំខាន។ ខ្ញុំ ខេមរៈ សិរីមន្ត សូមចូលរួមច្រៀង​ ហើយនឹងយករថយន្តទៅចូលរួម​ដោយស្ម័គ្រចិត្ត​ ព្រោះកម្មវិធីនឹង​យកថវិកាទៅជូន​មន្ទីពេទ្យ​កុមារអង្គរ «រួមគ្នាដើម្បីកម្ពុជា»”។

ជាមួយនឹងការប្រកាសចូលរួម​ក្នុងកម្មវិធី​ខាងលើនេះ លោកឧកញ៉ា​ ក៏បាន​បង្ហោះវីដេអូឃ្លីបបន្ថែម អំពីការ​តុបតែង​រថយន្ត​​របស់ខ្លួនម៉ាក Lamborghini និង Rolls-Royce ព្រមទាំង​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មានជាផ្លូវការអំពីព្រឹត្តិការណ៍ Gumball 3000 នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ផងដែរ។

សូមជម្រាបថា ព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 មិនមែនជាព្រឹត្តិការណ៍​ ដែលបង្កើតឡើងក្នុង​គោលបំណង​បង្អួតរថយន្តទំនើបៗពីសំណាក់អភិជននៅកម្ពុជាទេ ផ្ទុយទៅវិញវាជាព្រឹត្តិការណ៍ដែលរៀបចំឡើង​ក្នុងគោលបំណងសំខាន់ចំនួន៤ គឺ៖ ១). ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេស​ទៅកាន់ពិភពលោក ២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ៣). ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និង៤). ការបង្កើតកំណត់ត្រា​ពិភពលោក​ហ្គីណេស ”ការចូលរួមចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”៕