លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីពៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកពាណិជ្ជកម្មអន្តរជាតិ (International Business) នៅសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា (IIC of Technology University) បន្ទាប់ពីការពារនិក្ខេបបទដោយជោគជ័យ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារជាមួយនឹងអត្ថន័យដ៏ជ្រាលជ្រៅ នៅព្រឹកថ្ងៃទី១២ ខែសីហានេះ នៅលើទំព័រហ្វេសប៊ុកថា៖ “ឪពុកខ្ញុំមុខរបរែកដីមានកូនរៀនដល់បណ្ឌិត ពិតជាមានមោទន:ភាពចំពោះប្អូនស្រី និងលោកពុកណាស់។ កាលខ្ញុំនៅវ័យសិក្សាគ្រួសារក្រីក្រ ទើបងើបពីសង្គ្រាម មិនបានរៀនសូត្រខ្ពង់ខ្ពស់ តែដោយសារកាប្រឹងតស៊ូជាកម្មករ យកកំលាំងបាយដូការរៀនសូត្រខ្លះ មានឱកាស ធ្វើពលករនៅកូរ៉េ បានផ្គត់ផ្គង់ប្អូននិងក្មួយបានខ្លះ។ មានតែការខិតខំតស៊ូ ប្រឹងធ្វើអ្វីដែលអាចធ្វើទៅបាន គ្រប់ពេលវេលាគ្រប់កាលៈទេសៈ ទើបមានលទ្ធផល។ ពេលនេះជាបងបណ្ឌិត ថ្ងៃក្រោយថាមិនត្រូវអាចនឹងក្លាយជាឪពុកបណ្ឌិត”។
រីឯអ្នកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស ក៏បានបង្ហោះសារអបអរសាទរ នៅលើទំព័រហ្វេសប៊ុក ដល់ប្អូនស្រី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ផងដែរ។ អ្នកឧកញ៉ា បានលើកឡើងយ៉ាងដូច្នេះថា៖ “ប្អូនស្រីពៅបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតផ្នែក International Business។ ផ្អែកលើចំណេះដឹងដែលមាន ដែលបានរៀន ប្អូនត្រូវខិតខំចុះអនុវត្តផ្ទាល់បន្តទៀត។ កាលនៅវ័យសិក្សាគ្រួសារក្រីក្រ បងៗមិនបានរៀនសូត្រខ្ពង់ខ្ពស់ទេ តែដោយសារប្រទេសជាតិសុខសាន្ត ក៏ផ្ដល់ឱកាសអោយបងៗអាចប្រឹងប្រែងតស៊ូចេញពីពលករ កម្មករ ក៏មានលទ្ធភាពឱ្យប្អូនរៀនចប់សព្វគ្រប់។ បងៗតែងទទួលការប្រមាថ រើសអើង ទាំងផ្ទាល់និងប្រយោលពីអ្នករៀនសូត្រជ្រៅជ្រះ និងអ្នកបានរៀនតិចតួចមួយចំនួន។ នេះជាអ្វីដែលបងៗឆ្លងកាត់ជួបប្រទះរហូតដល់បច្ចុប្បន្ន តែពួកគាត់ទាំងនោះមិនក្លាហានជាងបងៗទេ”។
សូមជម្រាបថា ជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បច្ចុប្បន្នជាអ្នកជំនួញផ្នែកអចលនទ្រព្យមួយរូប ដូចបងៗប្រុសរបស់ខ្លួនផងដែរ៕