រយៈពេល ៦ខែដំបូងនៅក្នុងឆ្នាំ២០២៤ ប្រទេសហ្វីលីពីនបាននាំចូលអង្ករពីប្រទេសវៀតណាម ក្នុងចំនួនច្រើនបំផុត បើធៀបនឹងផលិតផលផ្សេងៗទៀត ពោលគឺមានទំហំដល់ទៅ ១,២ពាន់លានដុល្លារ កើនឡើងប្រហែល ៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា អង្ករវៀតណាម គឺកំពុងនាំមុខគេ លើទីផ្សារក្នុងប្រទេសហ្វីលីពីន ដ្បិតវៀតណាមគឺជាដៃគូនាំចេញអង្ករធំបំផុត របស់ប្រទេសហ្វីលីពីនយូរឆ្នាំណាស់មកហើយ។
ទន្ទឹមនឹងនោះ កាលពីខែមិថុនា រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា នឹងកាត់បន្ថយពន្ធនាំចូលអង្ករ ពី ៣៥% មកនៅត្រឹម ១៥% រហូតដល់ឆ្នាំ២០២៨ ដើម្បីបង្កើនការនាំចូលបន្ថែម ចន្លោះពី ៤ ទៅ ៤,៥លានតោនបន្ថែមទៀត។
សូមជម្រាបដែរថា ហ្វីលីពីន គឺជាទីផ្សារនាំចេញអង្ករធំបំផុតមួយរបស់វៀតណាម ដោយកាលពីឆ្នាំទៅ ពួកគេបានលក់អង្ករឲ្យហ្វីលីពីន រហូតដល់ ៣លានតោន ទទួលបានប្រាក់ជិត ២ពាន់លានដុល្លារ ស្របពេលបច្ចុប្បន្នមានការកាត់បន្ថយពន្ធនាំចូលអង្ករថែមទៀត ក៏មានសន្និដ្ឋានថា ការនាំចេញអង្ករទៅហ្វីលីពីនក្នុងឆ្នាំនេះ នឹងមានការកើនឡើងកាន់តែច្រើនជាងមុន៕