សមាគមសិល្បករខ្មែរ សហការជាមួយរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដើម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ នៅថ្ងៃទី១៥-១៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជំរុញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ដែលបានដាក់ចេញដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ការរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ខាងលើនេះ ក៏ដើម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅកម្ពុជាផងដែរ។ ពិធីនេះនឹងរៀបចំនៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំមរណីដ្ឋានអង្គរ។
សូមជម្រាបថា កម្មវិធីនេះ សមាគមសិល្បករខ្មែរ នឹងរៀបចំនូវសកម្មភាពមួយចំនួនរួមមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចមុខម្ហូបខ្មែរនៃភោជនីយដ្ឋាន សេង ហុក ហេង បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរ ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ សូមបងប្អូន និងភ្ញៀវទេសចរអញ្ជើញចូលរួមឱ្យបានច្រើនកុះករ៕