អតីតនាយកប្រតិបត្តិក្រុមហ៊ុន YouTube ដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញមួយរូប លោកស្រី Susan Wojcicki បានទទួលមរណភាពក្នុងវ័យ ៥៦ឆ្នាំ ដោយសារតែធ្លាក់ខ្លួនឈឺ ព្រោះមានជំងឺមហារីកសួត រយៈពេលពីរឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន USA TODAY ។
តាមរយៈទំព័រហ្វេសប៊ុករបស់លោក Dennis Troper ដែលជាស្វាមីលោកស្រី Wojcicki បានធ្វើការបង្ហោះសារកាលពីថ្ងៃទី១០ ខែសីហា ដោយបង្ហាញនូវក្តីក្រៀមក្រំបំផុតមួយ លាយឡំជាមួយនឹងពាក្យពេចន៍រ៉ាយរ៉ាប់យ៉ាងដូច្នេះថា៖ “វាពិតជារឿងទុក្ខព្រួយខ្លាំងណាស់ ដែលខ្ញុំចែករំលែកនូវព័ត៌មានអំពីការអនិច្ចកម្មរបស់ Susan Wojcicki ។ ភរិយាជាទីស្រឡាញ់របស់ខ្ញុំ ពួកយើងបានរៀបការជាមួយគ្នារយៈពេល ២៦ឆ្នាំ នាងជាម្តាយរបស់កូនៗបួននាក់ ថ្ងៃនេះនាងបានចាកចេញពីពួកយើង បន្ទាប់ពីរស់នៅរ៉ាំរ៉ៃជាមួយជំងឺមហារីកសួត អស់រយៈពេលពីរឆ្នាំកន្លងមក”។
ផ្អែកទៅតាមគណនី LinkedIn របស់លោកស្រី Susan Wojcicki បានបង្ហាញថា ស្ត្រីរូបនេះបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រ នៅសកលវិទ្យាល័យ Harvard ក្នុងឆ្នាំ១៩៩០។ នៅឆ្នាំ១៩៩៣ លោកស្រីបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីសកលវិទ្យាល័យ California, Santa Cruz ហើយនៅឆ្នាំ១៩៩៨ លោកស្រីក៏រៀនចប់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ពីសកលវិទ្យាល័យ California , Los Angeles ផងដែរ។
ចំណែកឯអាជីពការងារវិញ ក៏មានភាពជោគជ័យគួរឲ្យកត់សំគាល់ ដោយលោកស្រី Wojcicki បានចូលបម្រើការឲ្យក្រុមហ៊ុន Google នៅឆ្នាំ១៩៩៩ មុនពេលដែលក្រុមហ៊ុនយក្សមួយនេះ ទិញយក YouTube មកគ្រប់គ្រងនៅឆ្នាំ២០០៦ ។
មុនពេលឡើងកាន់តំណែងជានាយកប្រតិបត្តិឲ្យក្រុមហ៊ុន YouTube នៅឆ្នាំ២០១៤ លោកស្រីធ្លាប់បានបម្រើការជាអនុប្រធានជាន់ខ្ពស់ផ្នែកផ្សាយពាណិជ្ជកម្មរបស់ Google ។ ទោះបីជាយ៉ាងណាក៏ដោយ ធ្វើការជានាយកប្រតិបត្តិឲ្យ YouTube បានប្រាំបួនឆ្នាំ លោកស្រីក៏សម្រេចចិត្តដាក់ពាក្យចុះចេញពីតំណែង មកផ្តោតសំខាន់ជាមួយក្រុមគ្រួសារ ផ្តោតលើគម្រោងការផ្ទាល់ខ្លួន និងថែរក្សាសុខភាព រហូតទទួលអនិច្ចកម្មនាពេលថ្មីៗនេះ៕