សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងអរគុណដល់កំពូលតារាចម្រៀងរ៉េប លោក វណ្ណដា -Vann Da ដែលជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍បិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។
យោងតាមទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖« សូមអបអរសាទរ និងអរគុណដល់សិល្បៈករកម្ពុជា លោក វណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ»។
សូមបញ្ជាក់ដែរថា នៅក្នុងថ្ងៃដដែលនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក៏បានថ្លែងអបអរសាទរ និងថ្លែងអំណរគុណដល់កីឡាករ កីឡាការីនី និងប្រតិភូកីឡាកម្ពុជា ដែលបានទៅចូលរួមការប្រកួតកីឡាអូឡាពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ នេះផងដែរ។
ដោយសម្ដេចធិបតី ក៏បញ្ជាក់ទៀតថា បើទោះបីជាលទ្ធផលមិនគាប់ប្រសើរយ៉ាងណាក៏ដោយ ក៏ក្រុមកីឡាករ និងប្រតិភូកីឡាយើង បានបំពេញតួនាទី និងភារកិច្ចក្នុងការនាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ ផ្តល់ជូននូវមោទនភាពជាតិខ្មែរ។
សូមរម្លឹកដែរថា ព្រឹត្តិការណ៍កីឡាពិភពលោក អូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង បានបិទបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីដំណើរការប្រកួតតាំងពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា។ក្នុងពិធីបិទមានការសម្តែងដ៏អស្ចារ្យតាមរយៈតារាចម្រៀងល្បីៗទូទាំងពិភពលោក ការសម្តែងពិសេស (Show) ផ្សេងៗជាច្រើន ក្នុងនោះមានតារាចម្រៀងកម្ពុជាលោក វណ្ណដា ក៏បានចូលរួមសម្តែងដែលនេះជាលើកដំបូងមានសិល្បករខ្មែរបង្ហាញខ្លួនសម្តែងក្នុងព្រឹត្តិការណ៍កីឡាពិភពលោកដ៏អស្ចារ្យ៕ អត្ថបទ៖ រង្សី