ធនាគារជាតិ និងក្រសួងការងារ រួមគ្នាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមគ្នាដើម្បីជំរុញ និងធ្វើយ៉ាងណាឱ្យមានការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការសម្របសម្រួលជាមួយនិយោជក និងបុគ្គលិក-កម្មករ តាមរោងចក្រ-សហគ្រាសនៅទូទាំងប្រទេសកម្ពុជា។

លោកទេសាភិបាលរង ក៏បានស្នើឱ្យមានកិច្ចសហការសិក្សាពីលទ្ធភាពនៃការកំណត់ប្រាក់ឈ្នួលកម្មករ-និយោជិក ជាប្រាក់រៀល និងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល នៅតាមបណ្តារោងចក្រ-សហគ្រាសផងដែរ។
ឯកឧត្តមសោម ចំណាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្វាគមន៍គំនិតផ្តួចផ្តើមពង្រឹងកិច្ចសហការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងទទួលយកសំណើនេះទៅសិក្សាបន្ថែមអំពីលទ្ធភាពជាក់ស្តែង។

លោក យឹម លាត បានថ្លែងបញ្ជាក់ថា ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។

លោកបានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ដូចជាតាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញ និងការសន្សំជាប្រាក់រៀល៕