ចិន ប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការដំឡើងពន្ធរបស់ EU លើរថយន្ត EV របស់ខ្លួន

អន្តរជាតិ

រដ្ឋាភិបាលទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃទី៩ ខែសីហា កន្លងទៅថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការដំឡើងពន្ធបន្ថែមរបស់សហភាពអឺរ៉ុប លើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹកផងដែរថា កាលពីខែកក្កដា សហភាពអឺរ៉ុប បានសម្រេចដំឡើងពន្ធបន្ថែមបណ្តោះអាសន្នលើការនាំចូលរថយន្ត EV របស់ចិន រហូត ៣៨% ក៏ព្រោះតែសហភាពអឺរ៉ុប យល់ឃើញថាក្រុមហ៊ុនរថយន្ត EV របស់ចិន ទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនតាមរយ:រដ្ឋាភិបាលរបស់ពួកគេ​ ដែលនេះបានធ្វើឲ្យខូចដល់ការប្រកួតប្រជែងដោយយុត្តិធម៌។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “ប្រទេសចិន បានអំពាវនាវឲ្យមានយន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញវិធានការប្រឆាំងនឹងដំឡើងពន្ធបណ្តោះអាសន្នរបស់សហភាពអឺរ៉ុប លើរថយន្ត EV” ។

អ្នកនាំពាក្យដដែលនេះ បានលើកឡើងទៀតថា ៖”សេចក្តីសម្រេចបឋមរបស់ EU គឺខ្វះមូលដ្ឋានជាក់ស្តែង និងផ្លូវច្បាប់ ដែលនេះបានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ WTO និងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការពិភពលោក ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ យើងជំរុញឲ្យ EU កែតម្រូវជាបន្ទាន់នូវការអនុវត្តខុសរបស់ខ្លួន ហើយរួមគ្នារក្សាស្ថិរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មរថយន្ត EV”។

ជម្រាបជូនផងដែរថា ការប្តឹងតវ៉ានេះបានកើតឡើង នៅពេលដែលសហភាពអឺរ៉ុប ប្រកាសថាការដំឡើងពន្ធបន្ថែមលើរថយន្ត EV របស់ចិន ជាផ្លូវការ នឹងត្រូវចូលជាធរមាននៅខែវិច្ឆិកា សម្រាប់រយៈពេលប្រាំឆ្នាំ ដោយរង់ចាំការបោះឆ្នោតសម្រេចពីសមាជិកចំនួន ២៧ របស់សហភាពអឺរ៉ុប ជាមុនសិន៕