បញ្ហាអាកាសធាតុដ៏អាក្រក់ រួមមានទាំងភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ បានធ្វើឲ្យរដ្ឋាភិបាលប្រទេសចិន ខាតបង់ទឹកប្រាក់ជាង ៧៦ពាន់លានយ៉ន់ (១០,១ពាន់លានដុល្លារ) គិតតែក្នុងខែកក្កដា កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
យោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាល បានបង្ហាញឲ្យដឹងទៀតថា ចំនួនទឹកប្រាក់នៃការខាតបង់នៅក្នុងខែកក្កដាតែមួយ គឺជិតស្មើទៅនឹងការខាតបង់ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុដែលប្រទេសចិន បានជួបប្រទះ ក្នុងរយ:ពេល ៦ខែដំបូងនៃឆ្នាំ២០២៤ នេះរួមបញ្ចូលគ្នា។
ទន្ទឹមនឹងនេះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បាននិយាយថា គ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងក្នុងអំឡុងខែកក្កដា បានប៉ះពាល់ដល់មនុស្សជិត ២៦,៤ លាននាក់នៅទូទាំងប្រទេសចិន ដោយកក្នុងចំណោមនោះមាន ៣២៨ នាក់ បានស្លាប់ និងបាត់ខ្លួន។
ក្នុងអំឡុងខែកក្កដាដដែលនោះ មនុស្សចំនួនជាង ១ លាននាក់ត្រូវបានផ្លាស់ប្តូរទីលំនៅ ខណ:ផ្ទះចំនួន ១២ ០០០ ខ្នងបានដួលរលំ និង ១៥៧ ០០០ ខ្នងផ្សេងទៀតបានរងការខូចខាត ស្របពេលផ្ទៃដីដាំដំណាំប្រមាណ ២,៤២ លានហិកតាក៏រងផលប៉ះពាល់ផងដែរ។
ជម្រាបជូនផងដែរថា ប្រទេសចិនបានជួបប្រទះព្រឹត្តិការណ៍អាកាសធាតុដ៏អាក្រក់បំផុតជាច្រើន នៅក្នុងឆ្នាំនេះ ដោយអាកាសធាតុធ្លាក់ចុះត្រជាក់ខ្លាំង និងបន្ទាប់មកមានភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន រួមទាំងទទួលរលកកម្ដៅខ្លាំងបំផុត ផងដែរ៕