គណៈប្រតិភូក្រុមការងារបច្ចេកទេសពិសេស បានចុះផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” និងបានរកឃើញថា តម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោពិតជាធ្វើតាមផ្លូវទឹកចាស់ៗដែលមានស្រាប់ ពុំបានស្តារ និងអភិវឌ្ឍជាច្រើនទសវត្សរ៍មកហើយ។
ការបញ្ជាក់នេះ បានធ្វើឡើងខណៈលោក រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា ដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសពិសេសចុះពិនិត្យទីតាំងភូមិសាស្រ្ត ត្រួតពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅខេត្តតាកែវ និងខេត្តកែនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និងរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ បានដឹកនាំគណៈប្រតិភូ និងក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យទីតាំងភូមិសាស្រ្ត ត្រួតពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទី នៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅប្រឡាយ១៥ (ដោយជិះអូប័រ) នៅស្រុកអង្គបូរី ខេត្តតាកែវ និងចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោចេញទៅសមុទ្រកែប និងទីតាំងគំរូកំណត់និយាមកានៅឆ្នេរអង្កោល ទីរួមខេត្តកែប។
លោកបន្តថា បេសកកម្មនេះធ្វើឡើង ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ថាតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោពិតជាធ្វើតាមផ្លូវទឹកចាស់ៗដែលមានស្រាប់ ពុំបានស្តារ និងអភិវឌ្ឍជាច្រើនទសវត្សរ៍មកហើយ និងដើម្បីជំរុញការងារអនុវត្តគ្រោងឱ្យបានលឿនទៅមុខ និងទាន់ពេលវេលា។
សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ព្រែកជីកហ្វូណនតេជោ
ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ។
គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុង អំឡុងឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះនឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕ អត្ថបទ៖ រង្សី