សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៩ ដឹកនាំដោយលោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស មកពីទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នាវិមានសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រុមហ៊ុនទាំង ០៩ ដែលចូលជួបសម្តែងការគួរសម ពិភាក្សាការងារនោះ រួមមាន ១,ក្រុមហ៊ុន Honji Underwear Co., Ltd. ២, ក្រុមហ៊ុន Chaoyang Yiweitai Industrial Co., Ltd. ៣, ក្រុមហ៊ុន Guandong Wanfengrun Culture Co., Ltd. ៤, ក្រុមហ៊ុន Intop Intelligent Technology Co., Ltd. ៥, ក្រុមហ៊ុន Taienkang Pharmaceutical Co., Ltd.៦, ក្រុមហ៊ុន Tianyi cold chain Logistics Group Co., Ltd. ៧, ក្រុមហ៊ុន Let’s goose Co., Ltd. ៨, ក្រុមហ៊ុន Chengxin Agricultural Ecological Technology Co., Ltd. និង៩, ក្រុមហ៊ុន Pengsheng Flavoring & Food Co., Ltd.។
សូមបញ្ជាក់ផងដែរថា ប្រទេសចិនជាប្រទេសឈានមុខគេក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ជាក់ស្តែង បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៦ខែ ឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារ។ដោយក្នុងនោះ ប្រភពទុនវិនិយោគកម្ពុជាស្ថិតលេខរៀងទី១ មានចំនួន៥០,១៥% ខណៈប្រទេសចិនស្ថិតនៅលេខរៀងទី២ ក្នុងទុនសរុប ៤២,៦៤% ស្របពេលសិង្ហបុរី ២,៩១% វៀតណាម១,០៥% ឥណ្ឌា ០,៥៦% កូរ៉េ ០,៤៩%។
ដោយឡែកក្នុងមួយខែកក្កដា ២០២៤នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី ១ ដោយបានរួមចំណែក ៦៨,០៦% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ប្រមាណ ១៤,២៤% នៃទុនវិនិយោគសរុប ចំណែកខេមែន អាយលែន ១២,៣៥% សិង្ហបុរី ២,៦៩% វៀតណាម ១,៣៥% និងហ្វីលីពីន ១,៣០%៕