មហាសេដ្ឋីអូទ្រីស Richard Lugner បានទទួលអនិច្ចកម្មនៅក្នុងអាយុ ៩១ឆ្នាំ កាលពីថ្ងៃទី១២ ខែសីហា ពោលរយៈពេលត្រឹម ២ខែប៉ុណ្ណោះ ក្រោយលោកបានរៀបការជាមួយភរិយាទី០៦។
យោងតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិជាច្រើន បានឲ្យដឹងថា លោក Lugner គឺជាស្ថាបនិកក្រុមហ៊ុន Lugner City ដែលជាផ្សារទំនើប និងជាតំបន់ដ៏ពេញនិយមនៅក្នុងទីក្រុង Vienna ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ហើយវាមានឈ្មោះល្បីល្បាញមកទល់សព្វថ្ងៃ។
ក្រៅពីមានឈ្មោះជាអ្នកជំនួញដ៏ជោគជ័យនៅក្នុងប្រទេសអូទ្រីស មហាសេដ្ឋីម្នាក់នេះ ក៏ធ្លាប់ប្រឡូកនៅក្នុងឆាកនយោបាយ ដោយបានឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីចំនួន ២លើកផងដែរ ដោយឈរឈ្មោះជាបេក្ខភាពមិនតំណាងឲ្យគណបក្សណាទាំងអស់ ពោលគឺជាបេក្ខភាពឯករាជ្យ នៅក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០១៦។
នៅក្នុងជីវិតស្នេហាវិញ មហាសេដ្ឋីម្នាក់នេះបានរៀបការចំនួន ៦លើក ដោយលើកចុងក្រោយធ្វើឡើងកាលពីខែមិថុនា ជាមួយអ្នកនាង Simone Reilander វ័យ ៤២ឆ្នាំ ហើយលោកក៏មានកូនចំនួន ៤នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ។
សូមជម្រាបដែរថា មហាសេដ្ឋី Richard Lugner អាចចាត់ទុកបានជាបុគ្គលដ៏មានមុខមាត់ម្នាក់ ក្នុងប្រទេសអូទ្រីស ដោយប្រជាជនមានការគោរពស្រលាញ់ និងសរសើរលោកគ្រប់ៗគ្នា អំពីស្នាដៃដែលលោកបានជួយសេដ្ឋកិច្ចប្រទេសជាតិនាពេលកន្លងមក៕