សហព័ន្ធឧស្សាហកម្មថៃ (FTI) បានចេញមុខព្រមានកាលពីថ្ងៃទី១២ ខែសីហាថា ឧស្សាហកម្មដែកថែបរបស់ថៃ កំពុងតែស្ថិតនៅក្រោមស្ថានភាពរងហានិភ័យ ដ្បិតអីអាជីវកម្មមួយប្រភេទនេះ ត្រូវបានក្រុមហ៊ុនចិនដែលបង្កើតរោងចក្រផលិតដែកថែបក្នុងប្រទេស កំពុងវាយលុកគ្រប់គ្រងទីផ្សារជាខ្លាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ។
លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានលើកឡើងថា អត្រាប្រើប្រាស់ចំពោះឧស្សាហកម្មដែកថែបរបស់ថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយ ហើយក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះវិញ ចំនួននៃការប្រើប្រាស់មានអត្រា២៩,៣% ធ្លាក់ចុះពីចំនួន៣១,២% នៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកកត់សំគាល់ឃើញថា ផល់ប៉ះពាល់គឺកើតឡើងមកពីការវិនិយោគរបស់ចិន ដែលពួកគេនោះរំពឹងថា នឹងជំរុញសមត្ថភាពផលិតកម្មរបស់ខ្លួនឲ្យដល់ចំនួន ១២,៤២លានតោនក្នុងមួយឆ្នាំ បើធៀបនឹងតម្រូវការទីផ្សារប្រទេសថៃនាពេលបច្ចុប្បន្នមានចំនួន ១៦លានតោន។ ការវិនិយោគទាំងអស់នេះ គឺស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីកាត់បន្ថយការបំពុលក្នុងប្រទេស ហើយចៀសវាងពីរបាំងពាណិជ្ជកម្មដែលដាក់ដោយប្រទេសដ៏ទៃផ្សេងទៀត (សហរដ្ឋអាមេរិក,សហភាពអឺរ៉ុបជាដើម)។
ប្រធាន FTI រូបនេះ បានព្រមានទៀតថា៖ “នៅពេលណាដែលរោងចក្រដែករបស់ចិនសាងសង់ឡើង នោះវានឹងមានផលប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក” ដោយថា អត្រានៃការប្រើប្រាស់ចំពោះឧស្សាហកម្មដែកថៃ នឹងមានការធ្លាក់ចុះថែមទៀត។
បើទោះបីជាមានការវិនិយោគរបស់ចិនហូរចូលមកក៏ដោយ លោក Kriengkrai ធានាថាក្រុមហ៊ុនថៃមានសមត្ថភាពផលិតគ្រប់គ្រាន់ អាចបំពេញតម្រូវការរបស់ប្រទេសបាន។ មួយវិញទៀត ក្រសួងឧស្សាហកម្មគួរតែដាក់ចេញនូវបទបញ្ញត្តិណាមួយ ដើម្បីគ្រប់គ្រងការបង្កើតរោងចក្រដែកនៅក្នុងប្រទេស។
គួរឲ្យដឹងដែរថា បើតាមការបញ្ជាក់របស់ប្រធាន FTI រូបនេះ៖ “ការនាំចូលដែកថែបសម្រាប់ការសាងសង់កំពុងមានការកើនឡើង ជាពិសេសពីប្រទេសចិន”។ នៅឆ្នាំ២០២៣ ថៃបាននាំចូលដែកថែបបម្រើដល់ការសាងសង់ពីបរទេសចំនួន ៤២៦ ៣៤០តោន ក្នុងតម្លៃសរុប ២១ពាន់លានបាត ខណៈក្នុងនោះ៩២% ទៅហើយគឺត្រូវបាននាំចូលពីប្រទេសចិន៕