ឡាវ គ្រោងបើកដំណើរការធនាគារមាសដំបូងបំផុត ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន

អន្តរជាតិ

ក្រសួងហិរញ្ញវត្ថុឡាវ កាលពីពេលថ្មីៗនេះ បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន PTL Holding ដើម្បីបង្កើតធនាគារមាសមួយឈ្មោះថា Lao Bullion Bank ដើម្បីផ្តល់មូលនិធិបម្រុងសម្រាប់ប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក Vientiane Times បានបង្ហាញឲ្យដឹងទៀតថា ការបង្កើតធនាគារមាសនេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការកសាងទុនបំរុងមាស និងការលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសឡាវ បន្ថែមទៀត។

ធនាគារមាសដំបូងបំផុតមួយនេះ ត្រូវបានគេរពឹងទុកខ្ពស់ថា នឹងផ្តល់សក្តានុពលលើប្រព័ន្ធហិរញ្ញវត្ថុ គាំទ្រគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ ក៏ដូចជាពង្រឹងប្រាក់គីបឡាវ សម្រួលដល់ការរៃអង្គាសប្រាក់ និងកែលម្អលំហូរសាច់ប្រាក់ សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាព។

គួរឲ្យដឹងផងដែរថា ធនាគារមាស​នេះ​ គ្រោង​នឹង​ចាប់ផ្តើម​បើកដំណើរការសម្រាប់ដំណាក់កាល​ដំបូង​​ក្នុង​ខែកញ្ញា ហើយ​នឹងចាប់ផ្តើម​ដំណើរការពេញលេញ​របស់ខ្លួន​ នៅ​ខែវិច្ឆិកា​។

ជម្រាបជូនថាឡាវ ជាប្រទេសឈានមុខគេមួយក្នុងពិភពលោក ទាក់ទងនឹងការជីកយករ៉ែ និងផលិតមាស ដោយប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងតំបន់អាស៊ាន និងលេខ៦ នៅអាស៊ី។ តាមការស្ទង់មតិបឋម បានប៉ាន់ប្រមាណថាឡាវ មានប្រហែល ៥០០ ទៅ ១ ០០០ តោននៃទុនបំរុងមាសរបស់ខ្លួន៕