ក្រុមហ៊ុនធំមួយរបស់ប្រទេសចិន បានមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសលើវិស័យកែច្នៃផ្លែឈើស្រស់សម្រាប់នាំចេញ។ក្រុមហ៊ុន DOMI Biotechnology Co., Ltd. ជាក្រុមហ៊ុនចិនវិនិយោគកែច្នៃផ្លែឈើស្រស់ ពិសេស ផ្លែដូង និងទុរេន ដែលមានទីតាំងវិនិយោគនៅប្រទេសថៃ។ ភាគច្រើននៃផលិតផលរបស់ក្រុមហ៊ុននេះ ត្រូវបាននាំចេញទៅប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី មជ្ឈិមបូព៌ា និងអ៊ីតាលី។ឥឡូវក្រុមហ៊ុននេះ កំពុងស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់នៅកម្ពុជាដូចនៅប្រទេសថៃដែរ។
ទាក់ទងនឹងគោលបំណងចង់បណ្តាក់ទុននៅកម្ពុជានេះ លោក WAN YANHU ប្រធានក្រុមហ៊ុន DOMI Biotechnology Co., Ltd. និងគណៈប្រតិភូ កាលពីថ្ងៃទី១២ខែសីហា បានអញ្ជើញមកជួបពិភាក្សាជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាដើម្បីសុំការគាំទ្រនិងការណែនាំពីស្ថាប័នជំនាញរបស់កម្ពុជា។
ក្នុងជំនួបនេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានជម្រាបគណៈប្រតិភូអំពីរចនាសម្ព័ន្ធនិងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេសផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលមានគណៈ កម្មាធិការវិនិយោគកម្ពុជា ជាសេនាធិការ។បច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។
លោក WAN YANHU បានជម្រាបថា ក្រុមហ៊ុន DOMI Biotechnology Co., Ltd. ជាក្រុមហ៊ុនចិនវិនិយោគកែច្នៃផ្លែឈើស្រស់ ពិសេស ផ្លែដូង និងទុរេន ដែលមានទីតាំងវិនិយោគនៅប្រទេសថៃ។ ភាគច្រើននៃផលិតផលរបស់ក្រុមហ៊ុន ត្រូវបាននាំចេញទៅប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី មជ្ឈិមបូព៌ា និងអ៊ីតាលី។ គោលបំណងនៃដំណើរទស្សនកិច្ច នៅកម្ពុជានៅពេលនេះគឺដើម្បីស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ពិសេស ផ្លែដូង ដូច នៅប្រទេសថៃដែរ។
ជាការឆ្លើយតប លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃផ្លែឈើស្រស់ ពិសេស ផ្លែដូង និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនខិតខំធ្វើការកែច្នៃឱ្យអស់លទ្ធភាពនៅពេលបើកដំណើរការរោងចក្រ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លៃបន្ថែមក្នុងស្រុក។ ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់របស់គណៈកម្មាធិការវិនិយោគកម្ពុជា រង់ចាំដោយក្តីរីករាយក្នុងផ្តល់កិច្ចសម្រួ សម្រួលគ្រប់ បែបយ៉ាងជូនក្រុមហ៊ុននៅពេលក្រុមហ៊ុនសម្រេចចិត្តវិនិយោគនៅកម្ពុជា៕