ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងថ្នាក់ដឹកនាំដទៃទៀត រួមទាំងសមាជិក សមាជិកា ដ៏សកម្មនៃសមាគមសិល្បករខ្មែរ កំពុងមានវត្តមាននៅលើទឹកដីសៀមរាបអង្គរ ដើម្បីត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នៅព្រឹកថ្ងៃទី១៥ ខែសីហា ស្អែកនេះ។
ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយវប្បធម៌ដល់ភ្ញៀវទេសចរ នៅបរិវេណអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំរមណីយដ្ឋានអង្គរតែម្ដង។
បើតាមសមាគមសិល្បករខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងបានឃើញនូវទស្សនីយភាពសិល្ប: និងវប្បធម៌ដ៏រស់រវើកជាមរតកដូនតាខ្មែរ តាមរយៈសិល្បករ សិល្បការិនី ដែលបានស្ម័គ្រចិត្តចូលរួមដោយឥតលក្ខណ្ឌជាមួយសមាគមសិល្បករខ្មែរក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ដោយឡែក ក្រុមអ្នកបង្កើតមាតិកាលើបណ្ដាញសង្គមជាច្រើនក្រុម ក៏កំពុងតែផលិតវីដេអូផ្សព្វផ្សាយពីតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ទេចរណ៍កែច្នៃដែលមានលើទឹកដីខេត្តសៀមរាបអង្គរផងដែរ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីនៃការរួមរួមសាមគ្គីពីសំណាក់ថ្នាក់ដឹកនាំសមាគម សមាជិកសមាជិកា និងសិល្បករ សិល្បការិនីទាំងអស់ ក៏ដូចជាបងប្អូនអ្នកបង្កើតមាតិការបណ្ដាញសង្គម ដែលបានដឹកនាំ និងចូលរួមរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ៕