គណៈប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd ដែលដឹកនាំដោយ លោក Dr. Dennis Ganendra នាយកប្រតិបត្តិក្រុមហ៊ុន បានចូលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសិក្សាឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលទ្ធភាពក្នុងការសិក្សាស្វែងយល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ឱ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាសិក្សាឱកាសវិនិយោគបន្ថែមទៀតលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងកំពង់ផែ នៅក្នុងប្រទេសកម្ពុជាផងដែរ។
ថ្លែងក្នុងជំនួបនោះ គណៈប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd បានបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងបានជម្រាបជូនអំពីលទ្ធផលការងាររបស់ខ្លួន ក្នុងនាមជាអ្នកត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេសលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងបើកដំណើរការនាពេលបច្ចុប្បន្ន និងការងារនានាលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលក្រុមហ៊ុនបានអនុវត្តកន្លងមក។
ជាការឆ្លើយតប លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសារធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងពីបច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងគម្រោងសំខាន់ៗមួយចំនួន ក៏ដូចជាដើម្បីជួយឱ្យក្រុមហ៊ុនបានស្វែងយល់អំពីកាលានុវត្តភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
សូមរម្លឹកដែរថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនទីបង្ហាញផ្លូវរយៈពេល ១០ ឆ្នាំ នៃផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូននិងភ័ស្តុភារកម្ពុជា ឆ្នាំ ២០២៣-២០៣៣ លើគម្រោងអាទិភាពចំនួន ១៧៤ ដែលមានតម្លៃវិនិយោគតាមការប៉ាន់ប្រមាណ ៣៦,៦៨ ពាន់លានដុល្លារ។
ក្នុងនោះគម្រោងផ្លូវថ្នល់ ៩៤, គម្រោងផ្លូវដែក ៨, គម្រោងដឹកជញ្ជូននៅតាមផ្លូវទឹក ២៣, គម្រោងដឹកជញ្ជូនតាមសមុទ្រ ២០, គម្រោងដឹកជញ្ជូនផ្លូវអាកាស ១០, គម្រោងប្រព័ន្ធភ័ស្តុភារ ១៥, និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចំនួន ៤ ផ្សេងៗទៀត។
នៅក្នុងចំណោមគម្រោងទាំងអស់គឺមានប្រហែល ៩០ ជាគម្រោងអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម និង ៩១ ផ្សេងទៀតជាគម្រោងអភិវឌ្ឍន៍រយៈពេលវែង។ គម្រោងទាំងនេះត្រូវបានតភ្ជាប់គ្រប់មធ្យោបាយទាំងអស់នៃការដឹកជញ្ជូន និងបានតភ្ជាប់ជាមួយមជ្ឈមណ្ឌលភ័ស្ដុភារផងដែរ៕ អត្ថបទ៖រង្សី