ទីបំផុត តុលាការធម្មនុញ្ញថៃ សម្រេចដកលោក Srettha Thavisin ពីតំណែងនាយករដ្ឋមន្ត្រី

អន្តរជាតិ

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានធ្វើការសម្រេចនៅថ្ងៃពុធ ទី១៤ ខែសីហានេះថា នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នឹងត្រូវបណ្តេញចេញពីតំណែង បន្ទាប់ពីបានដឹកនាំប្រទេសតិចជាងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការដកតំណែងនេះ ត្រូវបានកើតឡើង បន្ទាប់ពីសមាជិក​ព្រឹទ្ធសភា​ចំនួន ៤០​រូប ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​អតីត​រដ្ឋាភិបាល​ក្រោមរបបយោធា បាន​ដាក់​ពាក្យ​ប្ដឹង​លោក Srettha ជុំវិញការតែងតាំងអតីតមេធាវីម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារ។

គួរដឹងថាលោក Srettha ក្លាយជានាយករដ្ឋមន្ត្រីថៃទី៤ ក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយ ដែលត្រូវបានតុលាការ ដកចេញពីតំណែង បន្ទាប់ពីសម្រេចថា លោកបានបំពានច្បាប់រដ្ឋធម្មនុញ្ញ ដោយសារតែតែងតាំងរដ្ឋមន្ត្រីដែលមិនគោរពតាមក្រមសីលធម៌។

ជម្រាបថា ការដកតំណែងលោក Srettha បន្ទាប់ពីកាន់អំណាចតិចជាងមួយឆ្នាំនេះ មានន័យថា សភាត្រូវតែកោះប្រជុំ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជាមួយនឹងការរំពឹងទុកនៃភាពមិនច្បាស់លាស់បន្ថែមទៀត នៅក្នុងប្រទេស ក្រោយកើតមានរដ្ឋប្រហារ និងសេចក្តីសម្រេចរបស់តុលាការដែលបានទម្លាក់រដ្ឋាភិបាល និងគណបក្សនយោបាយជាច្រើន៕