រដ្ឋមន្ត្រីក្រសួងឌីជីថលម៉ាឡេស៊ី លោក Gobind Singh Deo បាននិយាយថាម៉ាឡេស៊ី បានកត់ត្រាពីការបាត់បង់ទឹកប្រាក់សរុបចំនួន ៣,១៨លានរីហ្គីត (៧០០លានដុល្លារអាមេរិក) ដោយសារតែការឆបោកតាមអ៊ីនធឺណិត ដែលជាប់ពាក់ព័ន្ធនឹងជនរងគ្រោះច្រើនជាង ៩៥ ៨០០ នាក់ ចន្លោះពីឆ្នាំ២០២១ ដល់ខែមេសា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
លោក Gobind ក៏បានកត់សម្គាល់ទៀតផងដែរថា តួលេខនៃការខាតបង់អាចនឹងមានខ្ពស់ជាងនេះ ដោយសារតែជនរងគ្រោះមួយចំនួនធំ ប្រហែលជាមិនបានរាយការណ៍ទៅកាន់អាជ្ញាធរបាន ដោយសារតែហេតុផលផ្សេងៗ។
ដោយថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន Axiata Group Berhad, CyberSecurity Malaysia (CSM) និង Malaysia Digital Economy Corporation (MDEC) កាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅ លោក Gobind បាននិយាយថា ករណីទាក់ទងនឹងការកេញប្រវ័ញ្ច ការក្លែងបន្លំ និងការបោកប្រាស់ផ្សេងៗ បានកើនឡើងយ៉ាងខ្លាំង។
ជាមួយគ្នានោះ យោងតាមស្ថិតិ CSM ក៏បានបង្ហាញផងដែរថា ករណីអសន្តិសុខតាមអ៊ីនធឺណិត បានកើនឡើងក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយគិតចាប់ពីខែមករា ដល់ខែកក្កដា CSM បានកត់ត្រាករណីអសុវត្ថិភាពអ៊ីនធឺណិតសរុបចំនួន ៣ ៦០៧ បើធៀបនឹង ៣ ៣២៧ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំពេលមានការកើនឡើងនៃហានិភ័យ និងការគំរាមកំហែងជុំវិញការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនេះ លោក Gobind បាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ី មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីអ៊ីនធឺណិតដែលមានសុវត្ថិភាព និងធន់ជាងមុន តាមរយៈការបង្កើនសន្តិសុខជាតិ៕