ចិនបាននិងកំពុងដាក់ក្តីរំពឹងខ្ពស់ ចំពោះការធ្វើដំណើរតាមផ្លូវអាកាសនាឆ្នាំ២០២៤ ថានឹងមានកំណើនបំបែកកំណត់ត្រា ដោយលោតហួសពីកម្រិតធ្លាប់សម្រេចបាន មុនពេលមានជំងឺរាតត្បាតទៅទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC ។
អំឡុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកសម្រាប់សុវត្ថិភាពអាកាសចរណ៍ លោក Song Zhiyong ប្រធានរដ្ឋបាលអាកាសចរណ៍ស៊ីវិល បានលើកឡើងកាលពីថ្ងៃទី១៣ ខែសីហាថា ចំនួននៃអ្នកធ្វើដំណើរតាមផ្លូវអាកាស អាចនឹងលោតហក់ដល់ទៅខ្ទង់ ៧០០លាននាក់នៅឆ្នាំនេះ។
ការលើកឡើងដូច្នេះ ក៏អាចដោយសារមើលឃើញពីតួលេខ នៃឆមាសទីមួយនៃឆ្នាំ២០២៤ ។ ក្រុមប្រឹក្សារដ្ឋបានឲ្យដឹងថា ពាក់កណ្តាលឆ្នាំមកនេះ អ្នកដំណើរសរុបបានកើនឡើងដល់ទៅ៩% ពីរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលជាសញ្ញាណមួយសរបញ្ជាក់ពីការងើបខ្លួនចេញពីភក់ជ្រាំ អំឡុងគ្រាជាប់គាំងក្នុងវិបត្តិជំងឺកូវីដ១៩។
មន្ត្រី CAAC បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនថា ការធ្វើដំណើរជាអន្តរជាតិទូទាំងប្រទសនារយៈពេលថ្មីៗ បានទទួលការជំរុញមួយផ្នែកធំពីព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ហើយតម្រូវការជើងហោះហើរទៅនិងមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងបណ្តាប្រទេសនៅអឺរ៉ុប មានការកើនឡើងជាពិសេស ចំណែកឯវិស័យទេសចរណ៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ ក៏មានការកើនឡើងដូចគ្នា ដ្បិតថាមានការរួមចំណែកយ៉ាងសម្បើមពីទេសចរចិន៕