ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាល់ការចេញចូលទឹកដីខ្មែរ គឺចេញចូលទៅតាមច្បាប់ ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ ខណៈសម្តេចក៏ស្នើឱ្យប្រជាពលរដ្ឋឈប់ព្រួយបារម្ភពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ(CLV)ផងដែរ។
សម្តេចធិបតី ថ្លែងដូច្នេះ នាឱកាសអញ្ជើញជាអធិបតី “សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ ចំនួន ១០០០នាក់” នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ សីហា ២០២៤។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាល់ការចេញចូលទឹកដីខ្មែរ គឺចេញចូលទៅតាមច្បាប់ ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ ព្រោះយើងមានការស្នើសុំលិខិតចេញចូលត្រឹមត្រូវ មានរយៈពេលច្បាស់លាស់ មិនមែនចេះតែឱ្យចូលសេរីដូចជាការលើកឡើងពីមតិមួយចំនួននោះឡើង។ ទន្ទឹមគ្នានេះ សម្តេចធិបតីថា អ្វីដែលត្រូវយើងព្រួយបារម្ភនោះ គឺការបែកបាក់ឯកភាពជាតិ បែកបាក់សាមគ្គីផ្ទៃក្នុង ចំណុចនេះហើយដែលធ្វើឱ្យខ្មែរខ្សោយ។
ជាងនេះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមដែរថា គ្មានបរទេសណាមកប្រឈមមុខជាមួយខ្មែរទេ ប៉ុន្ដែខ្មែកំពុងប្រឈមមុខដាក់ខ្មែរគ្នាឯង។ រឿងនេះ គឺត្រូវឱ្យខ្មែរយោគយល់គ្នា ឯកភាពគ្នា បើមិនដូច្នេះទេរឿងនេះនឹងនាំឱ្យខ្មែរមានជម្លោះគ្នាឯង បែកបាក់សាមគ្គីជាតិដូចជាប្រវត្តិសាស្រ្តដែលខ្មែរធ្លាប់ជួបប្រទះ។
សម្ដេចធិបតី បានបន្តថា ការកង្វល់អំពីជាតិរបស់យើងជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា។ អ៊ីចឹងការឯកភាពជាតិ ការរួមគ្នាថែរក្សាអត្តសញ្ញាណជាតិ គឺជាអ្វីដែលយើងត្រូវរួមគ្នាថែរក្សា។ ហេតុនេះ សម្តេចថា ដើម្បីកុំឱ្យកង្វល់រឿងបាត់បង់ទឹកដីក្លាយជាការពិត គឺយើងត្រូវរួមគ្នាថែរក្សាទឹកដី សាមគ្គីភាពគ្នា រួមគ្នាថែរក្សាអធិបតេយ្យភាពរបស់កម្ពុជា ការឈ្លោះគ្នាមិនអាចថែរក្សាទឹកដីខ្មែរបានទេ។
សូមបញ្ជាក់ដែរថា ការបញ្ជាក់ជាថ្មីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បែបនេះ គឺធ្វើឡើងបន្ទាប់ពីមានក្រុមមួយចំនួនបញ្ចេញមតិអវជ្ជិមាន និងចម្រូងចម្រាស់ពីការបាត់ដីរបស់ខេត្តទាំង៤( ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី និងមណ្ឌលគីរី) ក្រោយកម្ពុជាចូលកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ(CLV)នេះ៕ អត្ថបទ៖ រង្សី