គណៈប្រតិភូក្រុមហ៊ុន Adani Ports and Special Economic Zone Ltd. បានចុះមកសិក្សាស្វែងយល់អំពីសក្តានុពលជាវិជ្ជមាននានា ខណៈក្រុមហ៊ុនមានបំណងចង់ធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ កំពង់ផែ និងភស្ដុភារកម្មនៅកម្ពុជានាពេលខាងមុខ។
នេះបើយោងតាមជំនួប ពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Capt Sandeep Mehta នាយកប្រតិបត្តិ កំពង់ផែអន្តរជាតិ នៃក្រុមហ៊ុន Adani Ports and Special Economic Zone Ltd. និងសហការី នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលរសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូក្រុមហ៊ុនដែលអញ្ជើញធ្វើទស្សនកិច្ចធុរកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីសក្តានុពលជាវិជ្ជមាននានា ជាធាតុចូលសម្រាប់ការសម្រេចចិត្តរបស់ខ្លួន។ លោក ក៏បានយកឱកាសនេះ ដើម្បីជម្រាបជូនដល់គណៈប្រតិភូអំពីផែនការអភិវឌ្ឍន៍របស់កម្ពុជា ពិសេសលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងភស្ដុភារកម្ម ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុនស្រាប់។
ជាមួយគ្នានេះ តំណាងគណៈប្រតិភូក្រុមហ៊ុនខាងលើ បានថ្លែងអំណរគុណលោកឧបនាយករដ្ឋមន្ត្រី ដែលបានជម្រាបជូនអំពីផែនការអភិវឌ្ឍន៍វិនិយោគនៅកម្ពុជា ដោយក្នុងនោះលោកក៏បានបន្តស្នើសុំកិច្ចសម្របសម្រួលបន្ថែមទៀតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចក្រុមហ៊ុនបានសិក្សាលម្អិត និងធ្វើការវាយតម្លៃលើកាលានុវត្តភាព និងសក្ដានុពលដែលកម្ពុជាអាចផ្ដល់ជូនបានសម្រាប់ការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ កំពង់ផែ និងភស្ដុភារកម្ម។
សូមបញ្ជាក់ដែរថា ដើម្បីជំរុញដល់ការវិនិយោគរបស់ក្រុមហ៊ុនខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានជម្រាបជូនអំពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលផ្ដល់ភាពបើកចំហរជូនចំពោះវិនិយោគិន ក្នុងនោះមាន៖ ការគាំទ្រពីរាជរដ្ឋាភិបាលនិងមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការជួយសម្របសម្រួលកិច្ចការងារវិនិយោគ ពិសេសកម្ពុជាជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ផ្ដល់លទ្ធភាពខ្ពស់ដល់ជោគជ័យភាពរបស់ធុរកិច្ចឯកជនជាដើម៕ អត្ថបទ៖ រង្សី