សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កោតសរសើរព្រឹត្តិការណ៍ “ស្នាមញញឹមកម្ពុជា”

សង្គម​ និង​សេដ្ឋកិច្ច

សៀមរាប÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានកោតសរសើរ​ដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះ ព្រឹត្តិការណ៍ ស្នាមញញឹមកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ចូលរួមលើកស្ទួយ​វិស័យវប្បធម៌សិល្បៈរបស់ជាតិ របស់សមាគមសិល្បករខ្មែរ អាណត្តិទី៦ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤នេះ សមាគមសិល្បករខ្មែរ បានរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹម​កម្ពុជា” នៅមុខប្រាសាទអង្គរ ក្នុងទឹកដីដ៏ពិសិដ្ឋ នៃខេត្តសៀមរាប ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តំណាងព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងទេសចរណ៍ និងក្រសួង​កិច្ចការនារី លោក យុន លីណេ អភិបាលរងខេត្តសៀមរាប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធាន​សមាគមសិល្បករខ្មែរ រួមជាមួយឯកឧត្ដមលោកជំទាវ សិល្បករ សិល្បការិនីរៀមច្បង និងជំនាន់ក្រោយ​ជាច្រើន​ទៀត។

ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ថា “គ្រប់ពេលដែលខ្ញុំបានឈរ​ជើងនៅលើគ្រឹះប្រាសាទថ្មដ៏រឹងមាំនេះ នាងខ្ញុំហាក់មានអារម្មណ៍ស្ញប់ស្ញែងអស្ចារ្យ ចំពោះការកសាងនូវខឿន​វប្បធម៌ អរិយធម៌ ដ៏រឹងមាំ ពិសេសប្រាសាទអង្គរវត្ត ដែលជា អច្ឆរិយវត្ថុគ្មានពីរលើលោក។

ជាមួយគ្នានេះ ដើម្បីជាការដឹងគុណ តបគុណ ខ្ញុំសុំចូលខ្លួនដឹកនាំក្រុមការងារ សិល្បករសិល្បការិនី ជាអ្នកបន្ត​វេន រួមគ្នាថែរក្សា ការពារ និងផ្សព្វផ្សាយពីកេរដំណែលដ៏មហិមារបស់ដូនតា ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង​ជានិច្ចនិរន្តន៍ និងល្បីសុះសាយនៅលើសកលលោក។

ជាមួយនឹងស្មារតីជាតិនិយមនេះហើយ ទើបជម្រុញឱ្យនាងខ្ញុំរៀបចំកម្មវិធីនេះឡើង ដោយមានកិច្ចសហការពី​ស្ថាប័ន​ពាក់ព័ន្ធនានា និងក្រោមវត្តមានគាំទ្រពីសម្តេច និងគណៈអធិបតី ព្រមទាំងសិល្បករ សិល្បការិនី ជាច្រើនរូប ដោយញ៉ាំងឱ្យព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នេះ ដាស់បន្ថែមទៀតពីស្មារតីស្រឡាញ់ជាតិ និងជួយផ្សព្វសិល្បៈវប្បធម៌ដើម្បីទេសចរណ៍។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» គឺជាព្រឹត្តិការណ៍នៃការជួបជុំសិល្បករ សិល្បការិនី បុគ្គល​ដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកាល្អៗ មកស្ថិតនៅលើដែនដីអង្គរតែមួយ ក្នុងបំណងរួមគ្នា ផលិតមាតិកាវីដេអូខ្លីៗ ស្តីអំពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតំបន់ទេសចរណ៍​ល្បីៗក្នុងតំបន់អង្គរ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ ធម្មជាតិរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ដោយឡែក នៅថ្ងៃទី១៥ ខែសីហា នេះ សមាគមសិល្បករខ្មែរ មានរៀបចំពិព័រណ៍ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ មានការប្រគំតន្ត្រីខា្នតតូច សំឡេងស្រាល ការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈ​ផ្សេងៗជា​ច្រើនទម្រង់ អមដោយការអត្ថាធិប្បាយពីពិធីករពិធីការិនីល្បីៗ ដើម្បីជាកិច្ចស្វាគមន៍ និងផ្តល់ភាពសប្បាយរីក​រាយ​ជូនភ្ញៀវទេសចរ។

ក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានប្រសាសន៍ថា «ខ្ញុំសូមកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង សមាគមសិល្បករខ្មែរដែលតែងតែ​ចូលរួមលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិយើងជាពិសេសសមាគមសិល្បករខ្មែរ អាណត្តិទី៦ ដែលមាន​លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធាន រួមជាមួយបងប្អូនសិល្បករ សិល្បការិនីដែលបានខិតខំ​ចូលរួមនឹងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងការបង្កើតនូវស្នាដៃថ្មីៗ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌​សិល្បៈ​បង្កើតនូវបរិយាកាសនិងស្នាមញញឹម ដល់ភ្ញៀវទេសចរនានា ដែលអញ្ជើញមកទស្សនានៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ យើងពិនិត្យឃើញថា ទើបតែជាង៣ខែប៉ុណ្ណោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជា​ប្រធានបានចេញដំណើរដឹកនាំយ៉ាងស្វាហាប់ និងរឹងមាំ ជាក់ស្តែងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដែល​សមាគមសិល្បករខ្មែរយើងបានរៀបចំ នាឱកាសនេះ ជាសក្ខីភាពមួយដែលបង្ហាញពីស្នាមញញឹម​នៃប្រជាពលរដ្ឋ​ខ្មែរទៅកាន់ពិភពលោក ក៏ដូចជាសម្រស់ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទខ្មែរ ជាតំណាងនៃអរិយធម៌ដ៏រុងរឿង​របស់បុព្វបុរសខ្មែរដ៏សម្បូរបែប រួមទាំងទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយ សីលធម៌សង្គម ដែលជានិមិត្តរូប​នៃ​ស្មារតី​ឯកភាពជាតិ យូរអង្វែងបន្តពីដូនតារបស់យើង»។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា កាលពីអតីតកាលកម្ពុជា ពោរពេញដោយសង្គ្រាម ពុំមានអ្នកណាមានសិទ្ធសេរីភាព រងនូវការកាប់សម្លាប់ បែកបាក់និរាសព្រាត់​ប្រាស់​គ្រួសារ គ្មានទេស្នាមញញឹម ។ ដោយឡែក ព្រឹត្តិការណ៍ថ្ងៃនេះកើតចេញពីប្រទេសមានសុខសន្តិភាព ទើប​មាន​កម្មវិធី ស្នាមញញឹមនៃកម្ពុជាថ្ងៃនេះ ដែលផ្នែកមួយនៃគោលនយោបាយ និងទិសដៅការទស្សនាខេត្ត​សៀមរាប​ឆ្នាំ​២០២៤ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជាកាលពីដើមឆ្នាំកន្លងទៅ ដើម្បីជម្រុញវិស័យ ទេសចរណ៍ នៅខេត្តសៀមរាបឲ្យងើបឡើងវិញ បន្ទាប់ពីរង​ផលប៉ះពាល់ដោយសារជម្ងឺកូវីដ១៩។

សូមបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមកម្ពុជា” នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ មានការ​រៀបចំនូវម្ហូបអាហារជាច្រើន ជាម្ហូបរបស់ខ្មែរ ជូនទៅដល់ភ្ញៀវជាតិ និងអន្តរជាតិបានភ្លក់រសជាតិអាហារ​ដ៏ឈ្ងុយ​ឆ្ងាញ់ដែលរៀបចំជូនដោយចុងភៅដែលបានចូលរួមសហការដោយមិនគិតប្រាក់ សម្រាប់ភ្ញៀវកិត្តិយស ៥០០​នាក់ នៅទីតាំងប្រារព្ធកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» មុខប្រាសាទអង្គរ៕