កូនស្រីពៅលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវសភាថៃបោះឆ្នោតឲ្យឡើងធ្វើនាយករដ្ឋមន្ត្រីថ្មី

អន្តរជាតិ

លោកស្រី Paetongtarn Shinawatra បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​វ័យក្មេង​បំផុត​មិន​ធ្លាប់​មាន​របស់​ប្រទេស​ថៃ​ បន្ទាប់​ពី​ត្រូវបានសភា​បានទទួលយកការតែងតាំង​របស់​លោកស្រី​ជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីជំនួសលោក Srettha Thavisin ដោយ​គណបក្ស​ភឿថៃ​ដែល​កំពុង​កាន់​អំណាច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Paetongtarn នឹងត្រូវឡើងកាន់អំណាចជំនួសលោក Srettha ដែលត្រូវបានដកចេញពីតំណែងដោយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃពុធ ជុំវិញការបំពានច្បាប់ធម្មនុញ្ញដោយសារតែការតែងតាំងរដ្ឋមន្ត្រីធ្លាប់ជាប់គុក។

លោកស្រី Paetongtarn បច្ចុប្បន្នវ័យ ៣៧ឆ្នាំ គឺជាកូនស្រីពៅរបស់មហាសេដ្ឋី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងក្លាយជាសមាជិកទីបីនៃគ្រួសារស៊ីណាវ៉ាត្រា បន្ទាប់ពីឪពុក និងម្តាយមីងដែលធ្លាប់កាន់តំណែងកំពូលរបស់ប្រទេសមួយនេះ។

គួរឲ្យដឹងថា ក្រុមចម្រុះដែលកំពុងកាន់អំណាចបានជ្រើសរើសយកលោកស្រី Paetongtarn ជាអ្នកជំនួសតំណែងរបស់លោក​ Srettha នៅក្នុងកិច្ចប្រជុំមួយរបស់បក្សកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគ្មានគណបក្សណាមួយក្នុងចំណោមគណបក្សចំនួន១០ ផ្សេងទៀតនៅក្នុងក្រុមចម្រុះ បានដាក់ចេញនូវបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួននោះឡើយ។

ជម្រាបជូនថា គណបក្សភឿថៃ និងដៃគូរបស់ខ្លួនទទួលបានអាសនៈសរុបចំនួន ៣១៤ ក្នុងសភា ដែលនេះមានន័យថាលោកស្រី Paetongtarn ត្រូវការការយល់ព្រមពីសមាជិកសភាតែជាងពាក់កណ្តាលនៃសមាជិកសភាបច្ចុប្បន្នសរុបចំនួន ៤៩៣ នាក់ប៉ុណ្ណោះ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ៕