នាយកប្រតិបត្តិថ្មី Starbuck នឹងទទួលបានប្រាក់បៀវត្សរ៍រហូតដល់ទៅខ្ទង់រយលានដុល្លារ ក្នុងមួយឆ្នាំៗ

អន្តរជាតិ

នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនកាហ្វេដ៏ធំបំផុតមួយរបស់ពិភពលោក Starbuck លោក Brian Niccol នឹងទទួលបាននូវប្រាក់បៀវត្សរ៍ និងប្រាក់លើកទឹកចិត្តផ្សេងៗសរុបរហូតដល់ទៅ ១១៣លានដុល្លារ ច្រើនដាច់ជាងបណ្តាបុគ្គលិកផ្សេងទៀត ដែលធ្វើការក្នុងក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពី Business Insider ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្អែកតាមឯកសារដែល Starbuck បានធ្វើកិច្ចព្រមព្រៀងជាមួយ SEC កាលពីថ្ងៃទី១៤ ខែសីហា បានបង្ហាញថា ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់លោក Niccol នឹងមានចំនួន ១,៦លានដុល្លារ រីឯប្រាក់រង្វាន់លើកទឹកចិត្តក៏នឹងមានចំនួនដល់ទៅ ៧,២លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់បន្ថែមប្រមាណ ១០លានដុល្លារទៀត ក៏នឹងប្រគល់ជូនលោកផងដែរ។

អនុលោមទៅនឹងកិច្ចព្រមព្រៀងនោះ ប្រាក់ចំណូលភាគច្រើនរបស់លោក នឹងមកជាទម្រង់ភាគហ៊ុនក្នុងក្រុមហ៊ុន។ កាលបរិច្ឆេទទទួលបានភាគហ៊ុន គឺចាប់ផ្តើមពីថ្ងៃទី៩ ខែកញ្ញា លោក Niccol នឹងទទួលបានភាគហ៊ុនមានតម្លៃចន្លោះពី ៧៥លានដុល្លារ ទៅ ៨០លានដុល្លារ ហើយក៏នឹងមានសិទ្ធទទួលបានភាគហ៊ុនប្រចាំឆ្នាំចំនួន ២៣លានដុល្លារផងដែរ នៅអំឡុងឆ្នាំសារពើពន្ធបន្ទាប់របស់ក្រុមហ៊ុន។

គួរឲ្យដឹងដែរថា នៅសហរដ្ឋអាមេរិកប្រាក់ខែជាមធ្យមរបស់បុគ្គលិកផ្នែក Barista របស់ Starbuck គឺទទួលបានខ្ទង់ ៤៩ ២៨៧ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ នេះបើតាមការឲ្យដឹងពីស្ថាប័ន Glassdoor ៕