កម្ពុជា-តួកគី បានប្តេជ្ញាថា នឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតលើវិស័យសំខាន់ៗចំនួន៥ ឱ្យកាន់តែខ្លាំង និងស៊ីជម្រៅថែមទៀត ដើម្បីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី។
ការប្តេជ្ញានេះ បានធ្វើឡើងកាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្នុងជំនួបពិភាក្សារវាងលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។
ក្នុងអំឡុងពេលជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជា អប់រំ កសិកម្ម ថាមពល អាកាសចរណ៍ស៊ីវិល និងបរិស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។ ទន្ទឹមគ្នានេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងសកល ដែលជាការព្រួយបារម្ភរួមផងដែរ។
ជាមួយគ្នានេះ កម្ពុជា-តួកគី ក៏បានកត់សម្គាល់ទៀតថា ស្របពេលនៅឆ្នាំ២០២៤ ជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ភាគីទាំងពីរ បានកត់សម្គាល់ពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី តាមរយៈការផ្តល់សារៈសំខាន់ចំពោះការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ហើយភាគីទាំងពីរនឹងបន្តជំរុញឱ្យមានទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀត។
សូមរម្លឹកដែរថា ក្នុងជំនួបពិភាក្សាការងារនៅវិមានព្រឹទ្ធសភា នាថ្ងៃទី២៩មេសា កន្លងទៅនេះ លោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគីប្រចាំកម្ពុជា ធ្លាប់បានបង្ហាញមោទកភាពនៅចំពោះមុខសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលឃើញទំនាក់ទំនងរវាងកម្ពុជា និងតួកគី មានភាពរីកចម្រើនជាលំដាប់។ ក្នុងនោះ ក៏មានការបើកការិយាល័យពាណិជ្ជកម្មផងដែរ។
លោកស្រី KOCAEFE បានលើកឡើងទៀតថា បច្ចុប្បន្នថ្វីត្បិតទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឱ្យកើនដល់១០០០លានដុល្លារ ជាមួយនឹងការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែច្រើនឡើងថែមទៀត៕អត្ថបទ៖ រង្សី