យោងតាមការស្ទង់មតិមួយធ្វើឡើងដោយសារព័ត៌មាន Reuters បានបង្ហាញកាលពីថ្ងៃព្រសហ្បតិ៍ ទី១៥ ខែសីហាកន្លងទៅថា ក្រុមហ៊ុនរបស់ប្រទេសជប៉ុនជាច្រើន ចង់ឃើញលោកស្រី Kamala Harris ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកជាងលោក ដូណាល់ ត្រាំ ព្រោះថាអាចនឹងមានភាពល្អប្រសើរសម្រាប់អាជីវកម្មរបស់ពួកគេ។
លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកដែលនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខ កំពុងត្រូវបានប្រទេសនានាជុំវិញពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ ហើយក្នុងចំណោមនោះប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏ហាក់បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនរណាដែលនឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មីផងដែរ ជាពិសេសទាក់ទងទៅនឹងទំនាក់ទំនងសេដ្ឋកិច្ច និងគោលនយោបាយដែលមិនអាចទាយទុកជាមុនបាន។
ហើយយ៉ាងណាមិញ បើតាមលទ្ធផលនៃការស្ទង់មតិ បានបង្ហាញឲ្យដឹងថាក្រុមហ៊ុនជប៉ុនប្រមាណ ៤៣% ចង់ឃើញលោកស្រី Harris ឈ្នះឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតីថ្មី ខណៈមានតែ ៨% ប៉ុណ្ណោះដែលបានជ្រើសរើសយកលោក ត្រាំ ស្របពេល ៤៣% មិនខ្វល់ពីបេក្ខភាពទាំងពីររូបនេះឡើយ និង ៣% ទៀតមិនចូលចិត្តទាំងពីរតែម្តង។
ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលស្ទង់មតិ អ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនផលិតសេរ៉ាមិចរបស់ជប៉ុនមួយ បានលើកឡើងថា ៖ លទ្ធភាពនៃសង្រ្គាមពាណិជ្ជកម្ម បញ្ហាសេដ្ឋកិច្ច និងការគំរាមកំហែងផ្នែកសន្តិសុខ អាចនឹងកើតឡើង នៅក្រោមការគ្រប់គ្រងរបស់លោក ត្រាំ ដោយនេះវានឹងអាចបង្ខំឲ្យយើងត្រូវផ្លាស់ប្តូរយុទ្ធសាស្រ្តអាជីវកម្មរបស់យើង”។
រំលឹកផងដែរថា ទំនាក់ទំនងរវាងប្រទេសជប៉ុន ជាមួយរដ្ឋបាលរបស់លោក ត្រាំ អំឡុងពេលដែលលោកនៅកាន់អំណាច់ ត្រូវបានគេដឹងថា ធ្លាប់មានភាពតានតឹងយ៉ាងខ្លាំង ជាពិសេសលើផ្នែកពន្ធ និងពាណិជ្ជកម្ម។
ដូច្នេះហើយទើបក្រុមហ៊ុនជប៉ុនភាគច្រើន រំពឹងទុកខ្ពស់ថាក្រោមការដឹកនាំរបស់លោកស្រី Harris គោលនយោបាយបច្ចុប្បន្ននឹងត្រូវបានរក្សា ហើយនឹងអាចផ្តល់ឲ្យពួកគេនូវអ្វីដែលកាន់តែប្រសើរឡើងនាពេលអនាគតបន្ថែមទៀត៕